លោកប៊ែងស៊ី(Banksy) ជាសីល្បៈករដែលមានភាពប៉ិនប្រសប់ណាស់។ គាត់បានបង្ហាញចេញនូវកាយវិការដែលគួរឲ្យអស់សំណើច ពេលដែលផ្ទាំងគំនូររបស់គាត់ មានចំណងជើងថា ក្មេងស្រីកាន់ប៉េងប៉ោង ត្រូវបានគេទិញក្នុងតម្លៃ១លានផោន នៅមជ្ឈមណ្ឌលដេញថ្លៃសូថេប៊ី ក្នុងទីក្រុងឡុងដ៍។ បន្ទាប់ពីគេប្រកាស់ថា ផ្ទាំងគំនូរនេះត្រូវបាន “លក់” មួយសន្ទុះក្រោយមក សម្លេងកណ្តឹងក៏បានរោទ៍ឡើង ហើយផ្ទាំងគំនូរនោះក៏បានថ្លាក់ចុះពីស៊ុមរបស់វា កាត់តាមម៉ាស៊ីនកាត់ក្រដាស់ ដែលគាត់បានបង្កប់នៅក្នុងស៊ុមនោះ ធ្វើឲ្យផ្ទៃរូបពាក់កណ្តាលខាងក្រោម ត្រូវដាច់ដោចអស់។ លោកប៊ែងស៊ីក៏បានបង្ហោះរូបថតមួយ ដែលក្នុងនោះគេឃើញអ្នកដេញថ្លៃទាំងឡាយ ដែលកំពុងតែសម្តែងកាយវិការសោកស្តាយចំពោះស្នាដៃឯករបស់គាត់ ដែលកំពុងតែត្រូវបានបំផ្លាញ ហើយគាត់ក៏បានដាក់ចំណងជើងឲ្យរូបភាពនោះថា “ទៅហើយ ទៅហើយ ហិនហោចអស់”។
ត្រង់ចំណុចនេះ លោកប៊ែងស៊ីកំពុងតែចម្អកឲ្យពួកអ្នកមាន ប៉ុន្តែ គាត់មិនចាំបាច់ត្រូវមានការសោកស្តាយ ចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ទៅនោះឡើយ។ នៅក្នុងទ្រព្យសម្បត្តិ គឺមានបង្កប់ទៅដោយល្បិចជាច្រើន។ ព្រះជាម្ចាស់មានបន្ទូលថា “កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ។ តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យ ឬដ្បិតទ្រព្យសម្បត្តិ តែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃ បែបដូចជាឥន្ទ្រី”(ខ.៤-៥)។
លុយជារបស់ដែលងាយបាត់បង់បំផុត។ យើងខិតខំធ្វើការ ដើម្បីរកលុយ តែវាអាចបាត់បង់ទៅវិញ ដោយសារកត្តាជាច្រើន។ ការវិនិយោគអាចខាតបង់ អតិផរណាអាចកើនឡើង យើងត្រូវបង់ថ្លៃនេះបង់ថ្លៃនោះមិនចេះចប់ ចោរអាចមកលួចប្លន់ ហើយភ្លើង និងទឹកជំនន់ក៏អាចបំផ្លាញទ្រព្យសម្បត្តិយើងផងដែរ។ ទោះយើងព្យាយាមគ្រប់គ្រងលុយយើងយ៉ាងណាក៏ដោយ ពេលវេលាដែលយើងនៅសល់ សម្រាប់ចាយវា ក៏សល់កាន់តែតិចទៅៗ។ ជីវិតយើងនៅផែនដី នឹងដល់ទីបញ្ចប់ នៅពេលណាមួយ។
ដូចនេះ តើយើងត្រូវធ្វើដូចម្តេច? នៅក្នុងខគម្ពីរបន្ទាប់ទៀត ព្រះជាម្ចាស់បានប្រាប់យើងថា “ចូរឲ្យឯងប្រកបដោយសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដរាបរាល់ថ្ងៃ។ ដ្បិតនឹងមានរង្វាន់ជាមិនខាន ហើយសេចក្តីសង្ឃឹមរបស់ឯងនឹងមិនកាត់បង់ឡើយ”(ខ.១៧-១៨)។ ចូរទុកដាក់ជីវិតអ្នកនៅក្នុងព្រះយេស៊ូវចុះ។ មានតែព្រះអង្គទេដែលនឹងថែរក្សាអ្នកជារៀងរហូត។—MIKE WITTMER