នៅឆ្នាំ២០១៨ លោកខូលីន អូ ប្រាឌី(Colin O’Brady) ជាកីឡាករដែលមានការស៊ូទ្រាំយ៉ាងខ្លាំង។ គាត់បានដើរក្នុងចម្ងាយផ្លូវមួយដែលគេមិនធ្លាប់ដើរពីមុខមក។ គាត់បានដើរ ដោយអូសគាវដឹកស្បៀងមួយគ្រឿង កាត់តាមទ្វីបអង់តាកទិកទាំងមូលតែម្នាក់ឯង ក្នុងចម្ងាយសរុប១៥០០គីឡូម៉ែត្រ ក្នុងរយៈពេល៥៤ថ្ងៃ។ នេះជាការធ្វើដំណើរដ៏សំខាន់ ដែលគាត់បានធ្វើឡើង ដោយចិត្តប្តូរផ្តាច់ និងក្លាហាន។
លោកអូ ប្រាឌីក៏បានរៀបរាប់អំពីការចំណាយពេលម្នាក់ឯង ជាមួយទឹកកក ភាពត្រជាក់ និងចម្ងាយផ្លូវដ៏គួរឲ្យខ្លាចយ៉ាងដូចនេះថា “គាត់បានផ្តោតចិត្តទាំងស្រុង ទៅលើការតស៊ូនោះ ចាប់តាំងពីដើមទីដល់ទីបញ្ចប់ ហើយទន្ទឹមនឹងនោះគាត់ក៏បានផ្តោតទៅលើគោលដៅផងដែរ ដោយអនុញ្ញាតឲ្យគំនិតរបស់គាត់នឹកចាំអំពីមេរៀនដ៏សំខាន់ ដែលគាត់ទទួលបានពីការធ្វើដំណើរនេះ”។
រឿងរបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីដំណើរជីវិតរបស់អ្នកដែលបានដាក់ជំនឿលើព្រះយេស៊ូវ។ ព្រះអង្គក៏បានត្រាស់ហៅយើង ដែលជាអ្នកជឿ ឲ្យផ្តោតចិត្តទៅលើគោលដៅរបស់យើង ក្នុងដំណើរជីវិត តាមរបៀបដែលថ្វាយសិរីល្អដល់ព្រះ និងនាំអ្នកដទៃឲ្យស្គាល់ព្រះអង្គ។ សាវ័កប៉ុលក៏ធ្លាប់ឆ្លងកាត់ការធ្វើដំណើរដ៏គ្រោះថ្នាក់ជាច្រើនផងដែរ។ ក្នុងបទគម្ពីរកិច្ចការ ២០:២៤ គាត់បានមានប្រសាសន៍ថា “ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ”។
ខណៈពេលដែលយើងធ្វើដំណើរ ក្នុងទំនាក់ទំនងជាមួយព្រះយេស៊ូវ យើងចាំបាច់ត្រូវស្គាល់គោលបំណង ដែលយើងត្រូវធ្វើដំណើរ និងបន្តមមុលទៅមុខ ទៅរកថ្ងៃមួយ ដែលយើងនឹងបានឃើញព្រះអង្គសង្រ្គោះមុខទល់នឹងមុខ។—DAVE BRANON