នៅឆ្នាំ២០១៨ លោកខូលីន អូ  ប្រាឌី(Colin O’Brady) ជា​កីឡាករ​ដែល​មាន​ការ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង។ គាត់​បាន​ដើរ​ក្នុង​ចម្ងាយ​ផ្លូវ​មួយ​ដែល​គេ​មិន​ធ្លាប់​ដើរ​ពី​មុខ​មក។ គាត់​បាន​ដើរ ដោយ​អូស​គាវ​ដឹក​ស្បៀង​មួយ​គ្រឿង កាត់​តាម​ទ្វីប​អង់​តាក​ទិក​ទាំង​មូល​តែ​ម្នាក់​ឯង ក្នុង​ចម្ងាយ​សរុប​១៥០០​គីឡូ​ម៉ែត្រ ក្នុង​រយៈ​ពេល​៥៤​ថ្ងៃ។ នេះ​ជា​ការ​ធ្វើ​ដំណើរ​ដ៏សំខាន់ ដែល​គាត់​បាន​ធ្វើ​ឡើង ដោយ​ចិត្ត​ប្តូរ​ផ្តាច់ និង​ក្លាហាន។​

លោក​អូ ប្រាឌី​ក៏​បាន​រៀប​រាប់​អំពី​ការ​ចំណាយ​ពេល​ម្នាក់​ឯង ជា​មួយ​ទឹក​កក ភាព​ត្រជាក់ និង​ចម្ងាយ​ផ្លូវ​ដ៏​គួរ​ឲ្យ​ខ្លាចយ៉ាង​ដូច​នេះ​ថា “គាត់​បាន​ផ្តោត​ចិត្ត​ទាំង​ស្រុង ទៅ​លើ​ការ​តស៊ូ​នោះ​ ចាប់​តាំង​ពី​ដើម​ទី​ដល់​ទី​បញ្ចប់ ហើយ​ទន្ទឹម​នឹងនោះ​គាត់​ក៏​បាន​ផ្តោត​ទៅ​លើ​គោល​ដៅ​ផង​ដែរ ដោយ​អនុញ្ញាត​ឲ្យ​គំនិត​របស់​គាត់​នឹក​ចាំ​អំពី​មេ​រៀន​ដ៏​សំខាន់ ដែលគាត់​ទទួល​បាន​ពី​ការ​ធ្វើ​ដំណើរ​នេះ”។

រឿង​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ដំណើរ​ជីវិត​របស់​អ្នក​ដែល​បាន​ដាក់​ជំនឿ​លើ​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​ក៏​បាន​ត្រាស់​ហៅ​យើង ដែល​ជា​អ្នក​ជឿ ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​គោល​ដៅ​របស់​យើង ក្នុង​ដំណើរ​ជីវិត​ តាម​របៀប​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ និង​នាំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះ​អង្គ។ សាវ័ក​ប៉ុល​ក៏​ធ្លាប់​ឆ្លង​កាត់​ការ​ធ្វើ​ដំណើរ​ដ៏​គ្រោះ​ថ្នាក់​ជា​ច្រើន​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​កិច្ចការ ២០:២៤ គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះអម្ចាស់យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​ព្រះ​វិញ”។

ខណៈ​ពេល​ដែល​យើង​ធ្វើ​ដំណើរ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​យេស៊ូវ យើង​ចាំ​បាច់​ត្រូវ​ស្គាល់​គោល​បំណង ដែលយើង​ត្រូវ​ធ្វើ​ដំណើរ និង​បន្ត​មមុល​ទៅ​មុខ ទៅ​រក​ថ្ងៃ​មួយ ដែល​យើង​នឹង​បាន​ឃើញ​ព្រះ​អង្គ​សង្រ្គោះ​មុខ​ទល់​នឹង​មុខ​។—DAVE BRANON