កាលខ្ញុំនៅក្មេង ខ្ញុំបានស្រមៃថា ខ្ញុំនឹងបានរៀបការជាមួយមិត្តប្រុសរបស់ខ្ញុំ ដែលនៅរៀនវិទ្យាល័យជាមួយគ្នា តែថ្ងៃមួយ យើងក៏បានចែកផ្លូវគ្នា។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា អនាគតរបស់ខ្ញុំប្រែជាងងឹតសូន្យសុង ហើយខ្ញុំមិនដឹងថា ត្រូវរស់នៅដើម្បីអ្វីទេ។ តែទីបំផុត ខ្ញុំក៏បានដឹងថា ព្រះជាម្ចាស់កំពុងតែដឹកនាំខ្ញុំ ឲ្យបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃ ហើយខ្ញុំក៏បានចូលរៀននៅសាលាព្រះគម្ពីរ។ បន្ទាប់មក ខ្ញុំក៏បានធ្វើការសម្រេចចិត្តដ៏ពិបាក ដើម្បីចាកចេញឆ្ងាយ ពីទីកន្លែងកំណើត មិត្តភក្តិ និងក្រុមគ្រួសារ។ ដើម្បីឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះជាម្ចាស់ ខ្ញុំត្រូវតែចាកចេញ។
មានពេលមួយ ព្រះយេស៊ូវបានយាងនៅតាមមាត់សមុទ្រកាលីឡេ ហើយក៏បានទតឃើញលោកពេត្រុស និងលោកអនទ្រេ ដែលជាប្អូនប្រុសគាត់ កំពុងតែបង់សំណាញ់ នេសាទត្រីនៅក្នុងសមុទ្រ ដើម្បីចិញ្ចឹមជីវិត។ ព្រះអង្គក៏បានត្រាស់ហៅពួកគេថា “ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ”(ម៉ាថាយ ៤:១៩)។ បន្ទាប់មក ព្រះយេស៊ូវក៏បានទតឃើញអ្នកនេសាទពីរនាក់ទៀត គឺលោកយ៉ាកុប និងបងប្រុសគាត់ ឈ្មោះយ៉ូហាន ហើយក៏បានត្រាស់ហៅពួកគេឲ្យដើរតាមព្រះអង្គផងដែរ(ខ.២១)។
ពេលដែលពួកសាវ័កទាំងនេះសម្រេចចិត្តដើរតាមព្រះយេស៊ូវ ពួកគេក៏មានអ្វីៗជាច្រើន ដែលត្រូវលះបង់។ លោកពេត្រុស និងលោកអនទ្រ “បានទុកសំណាញ់ចោល”(ខ.២០)។ លោកយ៉ាកុប និងលោកយ៉ូហានក៏ “បានលះបង់ទូក និងឪពុក ហើយដើរតាមទ្រង់”ផងដែរ(ខ.២២)។ ត្រង់ចំណុចនេះ កណ្ឌគម្ពីរលូកាបានចែងថា ពួកគេបានទុករបស់ទាំងអស់ចោល ហើយដើរតាមទ្រង់(លូកា ៥:១១)។
រាល់ការត្រាស់ហៅរបស់ព្រះយេស៊ូវ ក៏រាប់បញ្ចូលការត្រាសហៅឲ្យចាកចេញពីអ្វីមួយផងដែរ។ យើងប្រហែលជាត្រូវចាកចេញពីសំណាញ់ ទូក ឪពុកម្តាយ មិត្តភក្តិ និងផ្ទះរបស់យើង ដើម្បីឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះអង្គ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងរាល់គ្នា ឲ្យមានទំនាក់ទំនងជាមួយព្រះអង្គ។ បន្ទាប់មក ព្រះអង្គក៏បានត្រាស់ហៅយើង ឲ្យបម្រើព្រះអង្គ និងអ្នកដទៃ។— Elisa Morgan