ចេន(Jane) មានគម្រោងធ្វើការជាអ្នកព្យាបាលក្មេងដែលមានបញ្ហានិយាយ។ ប៉ុន្តែ ពេលដែលនាងបានទៅ កម្មសិក្សា នាងក៏បានដឹងថា ការងារនោះមានបញ្ហាប្រឈម ក្នុងផ្លូវអារម្មណ៍ខ្លាំងពេក សម្រាប់នាង។ គម្រោងនេះក៏បានបញ្ចប់។ បន្ទាប់មក គេក៏បានផ្តល់ឱកាសឲ្យនាងធ្វើជាអ្នកនិពន្ធសម្រាប់ទស្សនាវដ្ដីមួយ។ តែនាងមិនបានធ្វើការជាអ្នកនិពន្ធទេ។ ប៉ុន្មានឆ្នាំក្រោយមក នាងក៏បានប្រើជំនាញសរសេររបស់នាង ដើម្បីលើកទឹកចិត្តគេឲ្យជួយគ្រូសារជនក្រីក្រ។ ក្រោយមកនាងក៏បានដឹងថា មូលហេតុ ដែលព្រះជាម្ចាស់បានផ្លាស់ប្តូរផែនការរបស់នាង គឺដោយសារព្រះអង្គមានផែនការដែលធំជាងនោះ សម្រាប់នាង។
នៅក្នុងព្រះគម្ពីរ មានរឿងជាច្រើនដែលនិយាយអំពីផែនការដែលព្រះទ្រង់បានបង្អាក់។ នៅក្នុងដំណើរបេសកកម្មលើកទីពីរ សាវ័កប៉ុលមានគម្រោងទៅផ្សាយដំណឹងល្អ នៅស្រុកប៊ីធូនា តែព្រះវិញ្ញាណបរិសុទ្ធក៏បានរារាំងគាត់ មិនឲ្យចូលស្រុកនោះទេ(កិច្ចការ ១៦:៦-៧)។ រឿងនេះហាក់ដូចជាគួរឲ្យឆ្ងល់។ ហេតុអ្វីបានជាព្រះយេស៊ូវបង្អាក់គម្រោង ដែលស្របតាមបេសកកម្មដែលព្រះជាម្ចាស់បានប្រទាន? ព្រះជាម្ចាស់ក៏បានបើកបង្ហាញឲ្យគាត់ដឹងថា តាមពិត គឺដោយសារស្រុកមាសេដូនត្រូវការគាត់ខ្លាំងជាង។ ជាលទ្ធផល នៅទីនោះ សាវ័កប៉ុលក៏បានបង្កើតពួកជំនុំដំបូង ក្នុងទ្វីបអឺរ៉ុប។ ស្តេចសាឡូម៉ូនក៏បានមានបន្ទូលផងដែរថា “នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ”(សុភាសិត ១៩:២១)។
ការធ្វើផែនការគឺជាទង្វើរដ៏សមហេតុផល។ មានមតិមួយបានពោលថា ការខកខានមិនបានធ្វើផែនការ គឺជាការរៀបគម្រោងដើម្បីទទួលបរាជ័យ។ ប៉ុន្តែ ព្រះជាម្ចាស់អាចបង្អាក់ផែនការរបស់យើង ដោយប្រើផែនការរបស់ទ្រង់។ អ្វីដែលយើងត្រូវធ្វើ គឺត្រូវស្តាប់ព្រះសូរសៀងព្រះអង្គ ហើយស្តាប់បង្គាប់តាម ដោយដឹងថា យើងអាចទុកចិត្តព្រះអង្គ។ ពេលណាយើងចុះចូលនឹងបំណងព្រះទ័យទ្រង់ យើងក៏នឹងបានរស់នៅស្របតាមគោលបំណង ដែលព្រះអង្គមានសម្រាប់ជីវិតយើង។
ដូចនេះ ពេលណាយើងបន្តធ្វើផែនការ យើងចាំបាច់ត្រូវស្តាប់តាមផែនការរបស់ព្រះជាម្ចាស់។—LESLIE KOH