ពេលដែលចៅប្រុសដ៏តូចល្អិតរបស់ខ្ញុំត្រឡប់ទៅផ្ទះគាត់វិញ គាត់បានគ្រវីដៃលា។ បន្ទាប់មក គាត់ក៏បានងាកមករកខ្ញុំវិញ ហើយសួរថា “ម៉ាក់យាយ ហេតុអ្វីម៉ាក់យាយឈរមើលនៅមាត់ទ្វារ រហូតដល់ពេលដែលខ្ញុំចេញទៅបាត់?” ខ្ញុំក៏បានញញឹមដាក់គាត់ ដោយគិតថា គាត់ពិតជាគួរឲ្យស្រឡាញ់ណាស់ ដែលបានសួរសំណួរនេះ ក្នុងកាលដែលគាត់នៅក្មេងនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារគាត់ចង់ដឹង នោះខ្ញុំក៏បានព្យាយាមផ្តល់ឲ្យនូវចម្លើយដ៏ល្អមួយ។ ខ្ញុំក៏បានប្រាប់គាត់ថា ការដែលខ្ញុំធ្វើដូចនេះ គឺជាការគួរសម ហើយម្យ៉ាងទៀត ដោយសារគាត់ជាភ្ញៀវពិសេស នោះការដែលខ្ញុំឈរមើលគាត់ រហូតដល់ពេលដែលគាត់ចេញទៅបាត់ គឺមានន័យថា ខ្ញុំយកចិត្តទុកដាក់ចំពោះគាត់។ គាត់ហាក់ដូចជានៅឆ្ងល់។ ដូចនេះ ខ្ញុំក៏បានប្រាប់ការពិតដ៏សាមញ្ញថា “យាយឈរមើល ព្រោះយាយស្រឡាញ់ចៅ។ ពេលយាយឃើញឡានចៅបើកចេញទៅ យាយដឹងថា ចៅកំពុងតែធ្វើដំណើរទៅផ្ទះវិញ ដោយសុវត្ថិភាព”។ គាត់ក៏បានញញឹម ហើយឱបខ្ញុំថ្មមៗ។ ទីបំផុត គាត់ក៏បានយល់។
ការយល់ដឹងរបស់គាត់ តាមបែបកូនក្មេង គឺបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌តែងតែទតរំពៃមើលយើង ដែលជាកូនជាទីស្រឡាញ់ជានិច្ច។ គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក១២១ បានចែងថា “ព្រះយេហូវ៉ាទ្រង់ជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាទ្រង់ជាម្លប់នៅខាងស្តាំអ្នក”(ខ.៥)។
ជនជាតិអ៊ីស្រាអែលនៅសម័យដើម បានទទួលការធានាថា ព្រះជាម្ចាស់ថែរក្សាពួកគេ ក្នុងកាលដែលពួកគេកំពុងតែធ្វើដំណើរឡើងតាមផ្លូវចោទៗ ទៅកាន់ទីក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំព្រះអង្គ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ានឹងរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្តីអាក្រក់ ទ្រង់នឹងថែរក្សាព្រលឹងរបស់អ្នក”(ខ.៦-៧)។ យើងក៏អាចមានការធានាដូចនេះផងដែរ។ ជួនកាល ពេលណាយើងធ្វើដំណើរ តាមវិថីជីវិត ដែលជាផ្លូវចោទពិបាកធ្វើដំណើរ ជួនកាល យើងជួបការគំរាមកំហែង ឬគ្រោះថ្នាក់ខាងវិញ្ញាណ។ ស្ថិតក្នុងពេលបែបនោះ យើងចាំបាច់ត្រូវចាំថា “ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ាទ្រង់នឹងរក្សា។ តើហេតុអ្វីទ្រង់ថែរក្សា? គឺដោយសារព្រះអង្គស្រឡាញ់យើង។ តើព្រះអង្គថែរក្សាយើង នៅពេលណាខ្លះ? គឺ “ចាប់តាំងពីឥឡូវនេះរៀងតទៅ” (ខ.៨)។ —PATRICIA RAYBON