ពេល​ដែល​ចៅ​ប្រុស​ដ៏​តូច​ល្អិត​របស់​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ គាត់​បាន​គ្រ​វីដៃ​លា។ បន្ទាប់​មក គាត់​ក៏​បាន​ងាក​មក​រក​ខ្ញុំ​វិញ ហើយ​សួរ​ថា “ម៉ាក់​យាយ ហេតុ​អ្វី​ម៉ាក់​យាយ​ឈរ​មើល​នៅ​មាត់​ទ្វារ រហូត​ដល់​ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​បាត់?” ខ្ញុំក៏​បាន​ញញឹម​ដាក់​គាត់ ដោយ​គិត​ថា គាត់​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ដែល​បាន​សួរ​សំណួរ​នេះ ក្នុង​កាល​ដែល​គាត់​នៅ​ក្មេង​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ដោយ​សារ​គាត់​ចង់​ដឹង នោះ​ខ្ញុំ​ក៏​បាន​ព្យាយាម​ផ្តល់​ឲ្យ​នូវ​ចម្លើយ​ដ៏​ល្អ​មួយ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា ការ​ដែល​ខ្ញុំ​ធ្វើ​ដូច​នេះ គឺ​ជា​ការ​គួរ​សម ហើយ​ម្យ៉ាង​ទៀត ដោយសារ​គាត់​ជា​ភ្ញៀវ​ពិសេស នោះ​ការ​ដែល​ខ្ញុំ​ឈរ​មើល​គាត់ រហូត​ដល់​ពេល​ដែល​គាត់​ចេញ​ទៅ​បាត់ គឺ​មាន​ន័យ​ថា​ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ គាត់​ហាក់​ដូច​ជា​នៅ​ឆ្ងល់។ ដូច​នេះ ខ្ញុំក៏​បាន​ប្រាប់​ការ​ពិត​ដ៏​សាមញ្ញ​ថា “យាយ​ឈរ​មើល ព្រោះ​យាយ​ស្រឡាញ់​ចៅ។ ពេល​យាយ​ឃើញ​ឡាន​ចៅ​បើក​ចេញ​ទៅ យាយ​ដឹង​ថា ចៅ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ផ្ទះវិញ ដោយ​សុវត្ថិ​ភាព”។ គាត់​ក៏​បាន​ញញឹម ហើយ​ឱប​ខ្ញុំ​ថ្មម​ៗ។ ទី​បំផុត គាត់​ក៏​បាន​យល់។​

ការ​យល់​ដឹង​របស់​គាត់ តាម​បែប​កូន​ក្មេង គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​តែង​តែទត​រំពៃ​មើល​យើង ដែល​ជា​កូន​ជា​ទី​ស្រឡាញ់​ជា​និច្ច។ គឺ​ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១២១ បាន​ចែង​ថា “ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែ​រក្សា​អ្នក ព្រះយេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក”(ខ.៥)។

ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​ដើម បាន​ទទួល​ការ​ធានា​ថា ព្រះ​ជា​ម្ចាស់​ថែរក្សា​ពួក​គេ ក្នុង​កាល​ដែល​ពួក​គេ​កំពុងតែ​ធ្វើ​ដំណើរ​ឡើង​តាម​ផ្លូវ​ចោទ​ៗ ទៅ​កាន់​ទីក្រុង​យេរូសាឡិម ដើម្បី​ថ្វាយ​បង្គំ​ព្រះ​អង្គ។ គឺដូច​មាន​សេចក្តី​ចែង​ថា “ព្រះយេហូវ៉ា​នឹង​រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ព្រលឹង​របស់​អ្នក”(ខ.៦-៧)។ យើង​ក៏​អាច​មាន​ការ​ធានា​ដូច​នេះ​ផង​ដែរ។ ជួន​កាល ពេល​ណា​យើង​ធ្វើ​ដំណើរ តាម​វិថី​ជីវិត ដែល​ជា​ផ្លូវ​ចោទ​ពិបាក​ធ្វើ​ដំណើរ ជួន​កាល យើង​ជួប​ការ​គំរាម​កំហែង ឬគ្រោះ​ថ្នាក់​ខាង​វិញ្ញាណ។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា “ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​រក្សា។ តើ​ហេតុ​អ្វី​ទ្រង់​ថែរក្សា? គឺ​ដោយសារ​ព្រះ​អង្គស្រឡាញ់​យើង។ តើ​ព្រះ​អង្គ​ថែរក្សា​យើង នៅ​ពេល​ណា​ខ្លះ? គឺ “ចាប់​តាំង​ពី​ឥឡូវ​នេះ​រៀង​ត​ទៅ” (ខ.៨)។ —PATRICIA RAYBON