បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំម្នាក់បានបាត់បង់ភរិយា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ យើងក៏បានជួបគ្នារៀងរាល់ថ្ងៃព្រហស្បត្តិ៍ ដើម្បីលើកទឹកចិត្តគាត់។ ជួនកាល គាត់បានចោទជាសំណួរ ដែលខ្ញុំមិនអាចឆ្លើយរួច ហើយជួនកាល គាត់បានចែកចាយអំពីអនុស្សាវរីយ៍ ដែលគាត់ចង់មានសារឡើងវិញ។ មួយរយៈក្រោយមក គាត់ក៏បានទទួលស្គាល់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយសារភាពប្រេះបែកនៅក្នុងពិភពលោកដែលមានពេញដោយអំពើបាប តែព្រះជាម្ចាស់អាចធ្វើការ នៅក្នុងពេលដ៏ឈឺចាប់។ ពីរបីឆ្នាំក្រោយមក គាត់ក៏បានបង្រៀនក្នុងក្រុមមួយ នៅព្រះវិហាររបស់យើង អំពីការសោកសង្រេង និងអំពីរបៀបទួញសោកឲ្យបានត្រឹមត្រូវ។ មិនយូរប៉ុន្មាន គាត់ក៏បានក្លាយជាអ្នកលើកទឹកចិត្ត សម្រាប់អ្នកដែលកំពុងជួបការបាត់បង់ដ៏ឈឺចាប់។ ជួនកាល យើងមានអារម្មណ៍ថា យើងហាក់ដូចជាគ្មានអ្វីសម្រាប់ថ្វាយដល់ព្រះជាម្ចាស់ទេ ប៉ុន្តែ ព្រះអង្គក៏បានដក “ភាពមិនគ្រប់គ្រាន់”របស់យើង ហើយបន្ទាប់មក ព្រះអង្គក៏បានប្រទានពរយើងលើសពីគ្រប់គ្រាន់។
មានពេលមួយ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គ ឲ្យចែកអាហារដល់ពួកបណ្តាជន។ ពួកគេក៏បានទូលព្រះអង្គថា ពួកគេគ្មានអ្វីសម្រាប់ចែកឲ្យគេទេ។ ព្រះយេស៊ូវក៏បានធ្វើឲ្យអាហារដ៏តិចតួចរបស់ពួកគេកើនឡើងជាពហុគុណ ហើយបន្ទាប់មក ព្រះអង្គក៏បានងាកមករកពួកគេ ដោយប្រទាននំប៉័ងដល់ពួកគេ ដើម្បីឲ្យពួកគេចែកអាហារដល់ពួកបណ្តាជន(លូកា ៩:១៣-១៦)។ ព្រះគ្រីស្ទនឹងធ្វើការអស្ចារ្យ ប៉ុន្តែ ជាញឹកញាប់ ព្រះអង្គសព្វព្រះទ័យឲ្យយើងចូលរួមជាមួយព្រះអង្គ នៅក្នុងការបម្រើអ្នកដទៃ។
ព្រះយេស៊ូវបានត្រាស់ហៅយើង ឲ្យថ្វាយជីវិតយើង និងអ្វីៗដែលយើងមានក្នុងព្រះហស្តព្រះអង្គ។ គឺជីវិតដែលខ្ទេចខ្ទាំ និងរឿងរបស់យើង។ ក៏ដូចជាចំណុចខ្សោយ និងបរាជ័យរបស់យើង ការឈឺចាប់ និងទុក្ខលំបាករបស់យើងផងដែរ។ ចូរយើងថ្វាយទៅក្នុងព្រះហស្តព្រះអង្គ នោះយើងនឹងមានការភ្ញាក់ផ្អើល ចំពោះការអ្វីដែលព្រះអង្គនឹងធ្វើ ដោយប្រើអ្វីដែលយើងបានថ្វាយដល់ព្រះអង្គ។ ព្រះអង្គអាចបង្ហាញកម្លាំងរបស់ព្រះអង្គ តាមរយៈភាពកម្សោយរបស់យើង។ —GLENN PACKIAM