បន្ទាប់​ពី​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​បាត់​បង់​ភរិយា នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ យើង​ក៏​បាន​ជួប​គ្នា​រៀង​រាល់​ថ្ងៃ​ព្រហស្បត្តិ៍ ដើម្បី​លើក​ទឹក​ចិត្ត​គាត់។ ជួន​កាល គាត់​បាន​ចោទ​ជា​សំណួរ ដែល​ខ្ញុំ​មិន​អាច​ឆ្លើយ​រួច ហើយ​ជួន​កាល គាត់​បាន​ចែក​ចាយ​អំពី​អនុស្សាវរីយ៍ ដែល​គាត់​ចង់​មាន​សារ​ឡើង​វិញ។ មួយ​រយៈ​ក្រោយ​មក គាត់​ក៏​បាន​ទទួល​ស្គាល់​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង ដោយសារ​ភាព​ប្រេះ​បែក​នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ពេញ​ដោយ​អំពើ​បាប តែព្រះ​ជា​ម្ចាស់​អាច​ធ្វើ​ការ នៅ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់។ ពីរបី​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​បង្រៀន​ក្នុង​ក្រុម​មួយ នៅ​ព្រះ​វិហារ​របស់​យើង អំពី​ការ​សោក​សង្រេង និង​អំពី​របៀប​ទួញ​សោក​ឲ្យ​បាន​ត្រឹម​ត្រូវ។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​ក្លាយ​ជា​អ្នកលើក​ទឹក​ចិត្ត សម្រាប់​អ្នក​ដែល​កំពុង​ជួប​ការ​បាត់​បង់​ដ៏​ឈឺ​ចាប់។ ជួន​កាល យើង​មាន​អារម្មណ៍​ថា យើង​ហាក់​ដូច​ជាគ្មាន​អ្វី​សម្រាប់​ថ្វាយ​ដល់​ព្រះ​ជា​ម្ចាស់​ទេ​ ប៉ុន្តែ ព្រះ​អង្គ​ក៏​បាន​ដក “ភាព​មិន​គ្រប់​គ្រាន់”របស់​យើង ហើយ​បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ប្រទាន​ពរ​យើង​លើស​ពី​គ្រប់​គ្រាន់។​

មាន​ពេល​មួយ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​របស់​ព្រះ​អង្គ ឲ្យ​ចែក​អាហារ​ដល់​ពួក​បណ្តា​ជន។ ពួក​គេ​ក៏​បាន​ទូលព្រះ​អង្គ​ថា ពួក​គេ​គ្មាន​អ្វី​សម្រាប់​ចែក​ឲ្យ​គេ​ទេ។ ព្រះយេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​អាហារដ៏​តិច​តួច​របស់​ពួក​គេ​កើន​ឡើង​ជា​ពហុគុណ ហើយ​បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ងាក​មក​រក​ពួក​គេ ដោយ​ប្រទាន​នំប៉័ង​ដល់​ពួក​គេ ដើម្បីឲ្យ​ពួក​គេ​ចែកអាហារ​ដល់​ពួក​បណ្តា​ជន​(លូកា ៩:១៣-១៦)។ ព្រះ​គ្រីស្ទ​នឹង​ធ្វើ​ការ​អស្ចារ្យ ប៉ុន្តែ ជា​ញឹក​ញាប់ ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចូល​រួម​ជា​មួយ​ព្រះ​អង្គ នៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ។

ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ថ្វាយ​ជីវិត​យើង និង​អ្វី​ៗ​ដែល​យើង​មាន​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ។ គឺ​ជីវិត​ដែល​ខ្ទេច​ខ្ទាំ និង​រឿង​របស់​យើង។ ​ក៏​ដូច​ជា​ចំណុច​ខ្សោយ និង​បរាជ័យ​របស់​យើង ការ​ឈឺ​ចាប់ និង​ទុក្ខ​លំបាក​របស់​យើង​ផងដែរ។ ចូរ​យើង​ថ្វាយ​ទៅ​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ នោះ​យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អ្វី​ដែល​ព្រះ​អង្គ​នឹង​ធ្វើ ដោយ​ប្រើ​អ្វី​ដែល​យើង​បាន​ថ្វាយ​ដល់​ព្រះ​អង្គ។​ ព្រះ​អង្គ​អាច​បង្ហាញ​កម្លាំង​របស់​ព្រះ​អង្គ តាម​រយៈ​ភាព​កម្សោយ​របស់​យើង។​ —GLENN PACKIAM