ខ្ញុំបានចិញ្ចឹមត្រីក្រឹមសៀមមួយក្បាល ឈ្មោះហ្វ៊ីន(Finn) នៅក្នុងផ្ទះរបស់ខ្ញុំ អស់រយៈពេល២ឆ្នាំ។ ជាញឹកញាប់ កូនស្រីរបស់ខ្ញុំបានឱនមើលវា ក្នុងអាងចិញ្ចឹមត្រី ហើយនិយាយទៅកាន់វា បន្ទាប់ពីនាងបានទម្លាក់ចំណីឲ្យវា។ ពេលណាគ្រូលើកយកប្រធានបទ អំពីសត្វចិញ្ចឹមមកនិយាយ នៅក្នុងថ្នាក់រៀន នៅសាលាមេត្តេយ្យ នាងក៏បានប្រាប់គេថា ត្រីក្រឹមនោះជាសត្វចិញ្ចឹមរបស់នាង។ ទីបំផុត ត្រីក្រឹមនោះក៏បានស្លាប់ ជាហេតុបណ្តាលឲ្យកូនស្រីខ្ញុំមានការកើតទុក្ខយ៉ាងខ្លាំង។
ម្តាយរបស់ខ្ញុំក៏បានលើកទឹកចិត្តខ្ញុំ ឲ្យស្វែងយល់អំពីអារម្មណ៍របស់កូនស្រីខ្ញុំឲ្យបានច្បាស់ ហើយប្រាប់នាងថា ព្រះអង្គជ្រាបច្បាស់ អំពីទុក្ខលំបាករបស់នាង។ ខ្ញុំទទួលស្គាល់ថា ព្រះទ្រង់ជ្រាបអំពីអ្វីៗទាំងអស់ តែខ្ញុំឆ្ងល់ថា តើនាងអាចមានការកម្សាន្តចិត្តទេ ពេលដែលនាងបានឮខ្ញុំប្រាប់នាងដូចនេះ? បន្ទាប់មក ខ្ញុំក៏បាននឹកចាំថា ព្រះជាម្ចាស់មិនគ្រាន់តែជ្រាប អំពីហេតុការណ៍ក្នុងជីវិតយើងប៉ុណ្ណោះទេ តែថែមទាំងទតឃើញសណ្ឋាននៃវិញ្ញាណរបស់យើង ដោយព្រះទ័យក្តួលអាណឹត និងជ្រាបថា យើងមានការពិបាកចិត្តប៉ុណ្ណា។ ព្រះអង្គជ្រាបថា “រឿងតូច” អាចធ្វើឲ្យយើងមានអារម្មណ៍ថា វាជារឿងធំ អាស្រ័យទៅលើអាយុ របួសពីអតីតកាល ឬការខ្វះខាត។
ពេលដែលស្រ្តីមេម៉ាយម្នាក់ទម្លាក់ប្រាក់តែពីរស្លឹង ចូលទៅក្នុងហឹបដង្វាយ ព្រះយេស៊ូវបានទតឃើញទំហំពិតប្រាកដនៃដង្វាយនោះ នៅក្នុងចិត្តគាត់។ ទ្រង់ហៅពួកសិស្សមកមានព្រះបន្ទូលថា “ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា ស្ត្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង ដ្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្រ្តីនេះ បានយកពីសេចក្តីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួនផង”(ម៉ាកុស ១២:៤៣-៤៤)។
ស្រ្តីនោះមិនបាននិយាយអ្វីទេ នៅពេលនោះ តែព្រះយេស៊ូវបានទទួលស្គាល់ថា ដង្វាយរបស់នាង គឺជាការលះបង់របស់នាង ខណៈពេលដែលគេគិតថា វាគ្រាន់តែជាដង្វាយដ៏តិចតួច។ ព្រះអង្គក៏តែងតែទតមើលចិត្តរបស់យើងផងដែរ ពេលដែលយើងធ្វើអ្វីៗថ្វាយព្រះអង្គ។ យើងអាចទទួលការកម្សាន្តចិត្ត ដោយដឹងថា ព្រះអង្គជ្រាបអំពីអ្វីៗទាំងអស់ ជាពិសេសចិត្តរបស់យើង។ —JENNIFER BENSON SCHULDT11