អ្នកស្រីម៉ារី(Mary) នៅតែស្រឡាញ់ព្រះយេស៊ូវ ទោះជីវិតមានការលំបាកយ៉ាងណាក៏ដោយ។ កូនប្រុសរបស់គាត់ពីរនាក់បានស្លាប់ចោលគាត់ ហើយក្រោយមក ចៅប្រុសពីរនាក់បានបាត់បង់ជីវិតទៀត។ ពួកគេសុទ្ធតែជនរងគ្រោះ នៃការបាញ់ប្រហារ។ ជាងនេះទៅទៀត អ្នកស្រីម៉ារីក៏មានជម្ងឺដាច់សរសៃឈាមខួរក្បាល ដែលបានបណ្តាលឲ្យគាត់ស្លាប់មួយចំហៀងខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ពេលណាគាត់អាចទៅព្រះវិហារ តាមធម្មតា គាត់ខំប្រឹងបើកមាត់សរសើរដំកើងព្រះអម្ចាស់ ទាំងសំឡេងមិនច្បាស់ថា “វិញ្ញាណខ្ញុំស្រឡាញ់ព្រះយេស៊ូវ សូមឲ្យព្រះនាមព្រះអង្គប្រកបដោយព្រះពរ!”
ការសរសើរដំកើងរបស់អ្នកស្រីម៉ារី បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យពេចន៍ ដែលស្តេចដាវីឌបានចែងក្នុងបទគម្ពីរទំនុកដំកើង ជំពូក៦៣។ តាមរយៈចំណងជើងនៃទំនុកដំកើងនេះ យើងអាចដឹងថា ស្តេចដាវីឌបាននិពន្ធទំនុកមួយនេះ នៅក្នុងវាលរហោស្ថាននៃស្រុកយូដា។ ទោះទ្រង់ស្ថិតនៅក្នុងស្ថានភាពមិនល្អ ឬទាល់ច្រកយ៉ាងណាក៏ដោយ ទ្រង់មិនបានអស់សង្ឃឹមឡើយ ព្រោះទ្រង់មានសង្ឃឹម ក្នុងព្រះជាម្ចាស់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹកសោះ”(ខ.១)។
អ្នកប្រហែលជាកំពុងតែស្ថិតក្នុងស្ថានភាពដ៏ពិបាក ដោយគ្មានទិសដៅច្បាស់លាស់ ឬធនធានគ្រប់គ្រាន់ឡើយ។ ស្ថានភាពដែលពិបាក អាចធ្វើឲ្យយើងមានការភ័ន្តភាំង ប៉ុន្តែ យើងមិនត្រូវបណ្តោយឲ្យវារុញច្រានយើង ឲ្យដើរតាមផ្លូវខុសឡើយ ព្រោះយើងចាំបាច់ត្រូវតោងឲ្យជាប់ ព្រះដែលស្រឡាញ់យើង(ខ.៣) ធ្វើឲ្យយើងស្កប់ចិត្ត(ខ.៥) ជួយយើង(ខ.៧) ហើយព្រះហស្តស្តាំរបស់ព្រះអង្គក៏ទ្រយើងផង(ខ.៨)។ ដោយសារសេចក្តីស្រឡាញ់របស់ព្រះវិសេសជាងជីវិត នោះយើងអាចបង្ហាញចេញនូវភាពស្កប់ចិត្តរបស់យើង តាមរយៈបបូរមាត់ ដែលសរសើរដំកើង និងថ្វាយសិរីល្អដល់ព្រះ(ខ.៣-៥)។—ARTHUR JACKSON