អ្នក​ស្រី​ម៉ារី(Mary) នៅ​តែ​ស្រឡាញ់​ព្រះ​យេស៊ូវ ទោះ​ជីវិត​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ។ កូន​ប្រុស​របស់​គាត់ពីរ​នាក់​បាន​ស្លាប់​ចោល​គាត់ ហើយ​ក្រោយ​មក ចៅ​ប្រុស​ពីរ​នាក់​បាន​បាត់​បង់​ជីវិត​ទៀត។ ពួក​គេ​សុទ្ធ​តែ​ជន​រង​គ្រោះ នៃ​ការ​បាញ់​ប្រហារ។ ជាង​នេះ​ទៅ​ទៀត អ្នក​ស្រី​ម៉ារី​ក៏​មាន​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ដែល​បាន​បណ្តាល​ឲ្យគាត់​ស្លាប់​មួយ​ចំហៀង​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពេល​ណា​គាត់​អាច​ទៅ​ព្រះ​វិហារ តាម​ធម្មតា គាត់​ខំ​ប្រឹងបើក​មាត់​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ទាំង​សំឡេង​មិន​ច្បាស់​ថា “វិញ្ញាណ​ខ្ញុំ​ស្រឡាញ់​ព្រះ​យេស៊ូវ សូម​ឲ្យ​​ព្រះ​នាម​ព្រះអង្គ​ប្រកប​ដោយ​ព្រះ​ពរ!”

ការ​សរសើរ​ដំកើង​របស់​អ្នក​ស្រី​ម៉ារី បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​ពេចន៍ ដែល​ស្តេច​ដាវីឌ​បាន​ចែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៦៣។ តាម​រយៈ​ចំណង​ជើង​នៃ​ទំនុក​ដំកើង​នេះ យើង​អាច​ដឹង​ថា ស្តេច​ដាវីឌ​បាន​និពន្ធ​ទំនុក​មួយ​នេះ នៅ​ក្នុង​វាល​រហោ​ស្ថាន​នៃ​ស្រុក​យូដា។ ទោះ​ទ្រង់​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មិន​ល្អ ឬ​ទាល់​ច្រក​យ៉ាង​ណា​ក៏​ដោយ ទ្រង់មិន​បាន​អស់​សង្ឃឹម​ឡើយ ព្រោះ​ទ្រង់​មាន​សង្ឃឹម ក្នុង​ព្រះ​ជា​ម្ចាស់​។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះអង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ រូប​សាច់​ទូលបង្គំ​រឭក​ចង់​បាន​ទ្រង់ នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួតហែង ដែល​គ្មាន​ទឹក​សោះ”(ខ.១)។

អ្នក​ប្រហែល​ជា​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក ដោយ​គ្មាន​ទិស​ដៅ​ច្បាស់លាស់ ឬធនធានគ្រប់គ្រាន់ឡើយ។ ស្ថានភាពដែលពិបាក អាចធ្វើឲ្យយើងមានការភ័ន្តភាំង ប៉ុន្តែ យើងមិនត្រូវបណ្តោយឲ្យវារុញច្រានយើង ឲ្យដើរតាមផ្លូវខុសឡើយ ព្រោះយើងចាំបាច់ត្រូវតោងឲ្យជាប់ ព្រះដែលស្រឡាញ់យើង(ខ.៣) ធ្វើឲ្យយើងស្កប់ចិត្ត(ខ.៥) ជួយយើង(ខ.៧) ហើយព្រះហស្តស្តាំរបស់ព្រះអង្គក៏ទ្រយើងផង(ខ.៨)។ ដោយសារសេចក្តីស្រឡាញ់របស់ព្រះវិសេសជាងជីវិត នោះយើងអាចបង្ហាញចេញនូវភាពស្កប់ចិត្តរបស់យើង តាមរយៈបបូរមាត់ ដែលសរសើរដំកើង និងថ្វាយសិរីល្អដល់ព្រះ(ខ.៣-៥)។—ARTHUR JACKSON