មានពេលមួយ លោកហ្សៀល(Zeal) ដែលជាអ្នកធ្វើជំនួញ នៅប្រទេសនីហ្សេរីយ៉ា បានទៅសួរសុខទុក្ខយុវជនម្នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅទីក្រុងឡូហ្កូស បន្ទាប់ពីត្រូវគេបាញ់ចំភ្លៅ។ ពេលដែលយុវជនរូបនេះមានភាពធូរស្បើយល្មមនឹងវិលត្រឡប់ទៅផ្ទះវិញ គេមិនបានអនុញ្ញាតឲ្យគាត់ចេញពីពេទ្យឡើយ ទាល់តែគាត់បានបង់ថ្លៃពេទ្យជាមុនសិន។ នេះជាគោលនយោបាយ ដែលមន្ទីរពេទ្យរដ្ឋជាច្រើន ក្នុងតំបន់នេះបានអនុវត្តតាម។ បន្ទាប់ពីលោកហ្សៀលបានប្រឹក្សាយោបលជាមួយអ្នកធ្វើការមនុស្សធម៌ម្នាក់ហើយ គាត់ក៏បានបង់ថ្លៃពេទ្យទាំងអស់ឲ្យយុវជននោះ ជាលក្ខណៈអនាមិក ដោយប្រើមូលនិធិមនុស្សធម៌ ដែលគាត់បានរៃអង្គាសបានកាលពីពេលកន្លងមក។ គាត់ធ្វើដូចនេះ គឺដើម្បីបង្ហាញសេចក្តីជំនឿរបស់គាត់ ដែលជាគ្រីស្ទបរិស័ទ។ គាត់ក៏សង្ឃឹមផងដែរថា អ្នកដែលបានទទួលអំណោយសប្បុរសធម៌នេះ នឹងជួយយកអសារអ្នកដទៃ នៅថ្ងៃក្រោយផងដែរ។
ក្នុងព្រះគម្ពីរទាំងមូល មានខគម្ពីរជាច្រើន ដែលបានចែងអំពីការធ្វើអំណោយដល់អ្នកដទៃ ដោយប្រើធនធានដែលព្រះទ្រង់ប្រទាន។ ឧទាហរណ៍ កាលលោកម៉ូសេបង្រៀនពួកអ៊ីស្រាអែល អំពីរបៀបរស់នៅក្នុងទឹកដីសន្យា គាត់បានប្រាប់ពួកគេឲ្យថ្វាយទៅព្រះជាម្ចាស់ ជាទីមួយ (មើលចោទិយកថា ២៦:១-៣) ហើយត្រូវទំនុកបម្រុងដល់អ្នកខ្វះខាត ដែលជាជនបរទេស ក្មេងកំព្រា និងស្រ្តីមេម៉ាយ(ខ.១២)។ ដោយសារពួកគេកំពុងតែរស់នៅ ក្នុងទឹកដីដែល “មានទឹកដោះ និងទឹកឃ្មុំហូរហៀរ”(ខ.១៥) នោះពួកគេត្រូវបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដល់អ្នកទាល់ក្រ។
យើងក៏អាចនាំឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈការចែករំលែកធនធានរបស់យើង ទោះតិចឬច្រើនក្តី។ យើងប្រហែលជាមិនមានឱកាសចែករំលែកធនធានដោយផ្ទាល់ ដូចលោកហ្សៀលទេ ប៉ុន្តែ យើងអាចទូលសូមឲ្យព្រះជាម្ចាស់បង្ហាញ ឲ្យយើងដឹង អំពីរបៀបចែករំលែក ឬដឹងថា នរណាខ្លះកំពុងត្រូវការជំនួយយើង។—AMY BOUCHER PYE