ក្នុងនាមជាគ្រូបង្រៀននៅវិទ្យាល័យ លោកផាទ្រីក អាយរ៍លែន(Patrick Ireland) បានដឹងថា ព្រះជាម្ចាស់បានជ្រើសរើសគាត់ សម្រាប់ការអ្វីមួយ។ តើសម្រាប់ការអ្វី? ក្រោយមក គាត់បានរួចជីវិត នៅក្នុងការសម្លាប់រង្គាលដ៏តក់ស្លត់ នៅវិទ្យាល័យខូឡុមបាញ(រដ្ឋកូឡូរ៉ាដូ) ដែលមានមនុស្ស១៣នាក់បានបាត់បង់ជីវិត និង២៤នាក់របួស ដែលក្នុងចំណោមនោះ គាត់ក៏បានរបួសផងដែរ។ ពេលនោះ គាត់ក៏បានចាប់ផ្តើមទទួលចម្លើយ។
តាមរយៈការជាសះស្បើយ ដែលត្រូវចំណាយពេលយ៉ាងយូរ លោកផាទ្រីកក៏បានដឹងថា ភាពល្វីងជូរចត់ដែលនៅជាប់ក្នុងចិត្តយើង ធ្វើឲ្យយើងមានរបួសក្នុងចិត្តកាន់តែធ្ងន់ធ្ងរ។ ព្រះជាម្ចាស់បានបង្ហាញឲ្យលោកផាទ្រីកដឹងថា គន្លឹះដើម្បីឲ្យគាត់អាចអត់ឱនទោសឲ្យគេ គឺត្រូវឈប់ផ្តោតទៅលើការអ្វីដែលអ្នកដទៃធ្វើមកលើ យើង ហើយផ្តោតមកលើអ្វីដែលព្រះយេស៊ូវបានធ្វើ សម្រាប់យើងវិញ។ នៅពេលដែលព្រះយេស៊ូវកំពុងតែឈឺចាប់នៅលើឈើឆ្កាង ព្រះអង្គបានមានបន្ទូលទៅកាន់ពួកអ្នកដែលកំពុងធ្វើទារុណកម្មព្រះអង្គថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា២៣:៣៤)។ ការនេះបានសម្រេចសេចក្តីទំនាយរបស់ហោរាសាការី ដែលបានថ្លែងអំពីការអត់ទោសដែលព្រះយេស៊ូវប្រទានដល់មនុស្សទាំងអស់(លូកា ១:៧៧)។ ជាងនេះទៅទៀត គំរូនៃការអត់ទោសរបស់ព្រះយេស៊ូវ បានបើកបង្ហាញឲ្យលោកផាទ្រីកយល់ អំពីគោលបំណង ដែលព្រះអង្គបានជ្រើសរើសគាត់។ ហើយបន្ទាប់ពីសោកនាដកម្មនេះបានកន្លងផុតទៅ២០ឆ្នាំ លោកផាទ្រីកក៏បានចែកចាយថា ព្រះជាម្ចាស់ប្រហែលជាជ្រើសរើសគាត់ ឲ្យជួបរឿងនោះ ដើម្បីឲ្យគាត់អត់ឱនទោសឲ្យគេ។
មនុស្សភាគច្រើនមិនបានឆ្លងកាត់សោកនាដកម្ម ដែលមានភាពធ្ងន់ធ្ងរដូចរឿងដែលបានកើតឡើង នៅវិទ្យាល័យខូលុមបាញទេ តែយើងម្នាក់ៗសុទ្ធតែត្រូវបានគេធ្វើខុសមកលើយើង តាមរបៀបណាមួយ។ អ្នកខ្លះត្រូវប្តីឬប្រពន្ធផឹតក្បត់។ អ្នកខ្លះមានកូនដែលមិនស្តាប់បង្គាប់។ អ្នកខ្លះត្រូវចៅហ្វាយនាយធ្វើបាប។ តើយើងនឹងបន្តដំណើរទៅមុខទៀតដោយរបៀបណា? យើងប្រហែលជាត្រូវមើលទៅគំរូរបស់ព្រះអង្គសង្រ្គោះរបស់យើង។ នៅពេលដែលគេបដិសេធ និងធ្វើទារុណកម្មដ៏ឃោរឃៅមកលើព្រះអង្គ ព្រះអង្គបានអត់ទោសឲ្យគេ។ តាមរយៈការអត់ទោសបាបរបស់ព្រះយេស៊ូវ យើងអាចរកឃើញសេចក្តីសង្រ្គោះ និងកម្លាំងសម្រាប់អត់ឱនទោសឲ្យអ្នកដទៃ។ ហើយយើងក៏អាចសម្រេចចិត្តដកភាពល្វីងជូរចត់ចេញ ហើយបើកចំហរចិត្តយើង ដើម្បីអត់ឱនទោសឲ្យអ្នកដទៃ។—ELISA MORGAN