មានពេលមួយ មិត្តភក្តិរបស់ខ្ញុំបានជួបជុំគ្នា នៅចុងសប្តាហ៍ដ៏វែងមួយ នៅលើឆ្នេរនៃបឹងដ៏ស្រស់ស្អាត។ យើងបានចំណាយពេលប៉ុន្មានថ្ងៃនោះ ដោយលេងនៅក្នុងទឹក និងចែករំលែកម្ហូបអាហារ ប៉ុន្តែ ការសន្ទនានៅពេលល្ងាច ដែលយើងមានជាមួយគ្នា ជាអនុស្សាវរីយ៍ដែលខ្ញុំបានឲ្យតម្លៃបំផុត។ ពេលដែលស្បៃអន្ធកាលចាប់ផ្តើមគ្របដណ្តប់ពេលរាត្រី យើងក៏បានបើកចំហរចិត្តចំពោះគ្នាទៅវិញទៅមក ដោយការទុកចិត្តគ្នា ក្នុងការចែកចាយស៊ីជម្រៅអំពីការឈឺចាប់ ដែលបណ្តាលមកពីបញ្ហាក្នុងទំនាក់ទំនងប្តីប្រពន្ធ និងរឿងរន្ធត់មួយចំនួនដែលកូនរបស់យើងខ្លះបានឆ្លងកាត់។ ដោយយល់អំពីភាពប្រេះបែក ដែលយើងម្នាក់ៗមាន ក្នុងជីវិត យើងក៏បានលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យងាកទៅរកព្រះ និងសេចក្តីស្មោះត្រង់របស់ព្រះអង្គ ក្នុងពេលដ៏ពិបាកនោះ។ ពេលល្ងាចនោះ ជាពេលដែលមានតម្លៃបំផុត ក្នុងជីវិតខ្ញុំ។
ខ្ញុំក៏បានស្រមៃថា ពេលយប់នោះ មានលក្ខណៈស្រដៀងនឹងពេលដែលព្រះជាម្ចាស់សព្វព្រះទ័យឲ្យរាស្រ្តរបស់ព្រះអង្គជួបជុំគ្នាមួយឆ្នាំម្តង ដើម្បីប្រារព្ធបុណ្យបារាំ។ ក្នុងពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យជាច្រើនទៀត ពួកអ៊ីស្រាអែលត្រូវបានតម្រូវ ឲ្យធ្វើដំណើរទៅទីក្រុងយេរូសាឡិម។ ពេលពួកគេទៅដល់ ព្រះជាម្ចាស់បានបង្គាប់ពួកគេឲ្យជួបជុំគ្នា ដើម្បីថ្វាយបង្គំ ហើយ “មិនត្រូវធ្វើការរកស៊ីអ្វីឡើយ” ក្នុងរយៈពេល១សប្តាហ៍នោះ(លេវីវិន័យ ២៣:៣៥)។ ពិធីបុណ្យបារាំត្រូវបានប្រារព្ធឡើង ដើម្បីសរសើរដំកើងការផ្គត់ផ្គង់របស់ព្រះ និងនឹកចាំអំពីពេលដែលពួកគេធ្លាប់ឆ្លងកាត់ នៅវាលរហោស្ថាន បន្ទាប់ពីបានចាកចេញពីនគរអេស៊ីព្ទ(ខ.៤២-៤៣)។
ការជួបជុំគ្នានេះបានរឹតចំណងសាមគ្គីរបស់រាស្រ្តអ៊ីស្រាអែល ក្នុងនាមជារាស្រ្តរបស់ព្រះជាម្ចាស់ ហើយប្រកាស់អំពីសេចក្តីល្អរបស់ព្រះអង្គ ទោះពួកគេមានទុក្ខលំបាករួម ឬមានទុក្ខលំបាកខុសៗគ្នាយ៉ាងណាក៏ដោយ។ ពេលណាយើងជួបជុំគ្នាជាមួយអ្នកដែលយើងស្រឡាញ់ ដើម្បីរំឭកអំពីការផ្គត់ផ្គង់ និងព្រះវត្តមានរបស់ព្រះជាម្ចាស់ ក្នុងជីវិតយើង នោះជំនឿយើងក៏នឹងរឹងមាំផងដែរ។—Kirsten Holmberg