មាន​ពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​ជួប​ជុំគ្នា​ នៅ​ចុង​សប្តាហ៍​ដ៏​វែង​មួយ នៅ​លើ​ឆ្នេរ​នៃ​បឹង​ដ៏​ស្រស់​ស្អាត។ យើង​បាន​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​នោះ ដោយ​លេង​នៅ​ក្នុង​ទឹក និង​ចែក​រំលែក​ម្ហូប​អាហារ ប៉ុន្តែ ការ​សន្ទនា​នៅ​ពេល​ល្ងាច ដែល​យើងមាន​ជា​មួយ​គ្នា ជា​អនុស្សាវរីយ៍​ដែល​ខ្ញុំ​បាន​ឲ្យ​តម្លៃ​បំផុត។ ពេល​ដែល​ស្បៃ​អន្ធកាល​ចាប់​ផ្តើម​គ្រប​ដណ្តប់​ពេល​រាត្រី យើងក៏​បាន​បើក​ចំហរ​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ទុក​ចិត្ត​គ្នា ក្នុង​ការ​ចែក​ចាយ​ស៊ី​ជម្រៅ​អំពី​ការ​ឈឺ​ចាប់ ដែល​បណ្តាល​មក​ពី​បញ្ហា​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ និង​រឿង​រន្ធត់​មួយ​ចំនួន​ដែល​កូន​របស់​យើង​ខ្លះ​បាន​ឆ្លង​កាត់។ ដោយ​យល់​អំពី​ភាពប្រេះ​បែក ដែល​យើង​ម្នាក់​ៗ​មាន ក្នុង​ជីវិត យើង​ក៏​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ងាក​ទៅ​រក​ព្រះ  និង​សេចក្តី​ស្មោះត្រង់​របស់​ព្រះ​អង្គ ក្នុង​ពេល​ដ៏​ពិបាក​នោះ។​ ពេល​ល្ងាច​នោះ ជា​ពេល​ដែល​មាន​តម្លៃ​បំផុត ក្នុង​ជីវិត​ខ្ញុំ។

ខ្ញុំ​ក៏​បាន​ស្រមៃ​ថា​ ពេល​យប់​នោះ មាន​លក្ខណៈ​ស្រដៀង​នឹង​ពេល​ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​របស់​ព្រះ​អង្គ​​ជួប​ជុំ​គ្នា​មួយ​ឆ្នាំ​ម្តង ដើម្បី​ប្រារព្ធ​បុណ្យ​បារាំ។ ក្នុង​ពិធី​បុណ្យ​នេះ ក៏​ដូច​ជា​ពិធី​បុណ្យ​ជា​ច្រើន​ទៀត ពួក​អ៊ីស្រាអែល​ត្រូវ​បាន​តម្រូវ ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម។ ពេល​ពួក​គេ​ទៅ​ដល់​ ព្រះ​ជា​ម្ចាស់​បាន​បង្គាប់​ពួក​គេ​​ឲ្យ​ជួប​ជុំ​គ្នា ដើម្បីថ្វាយ​បង្គំ ហើយ “មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឡើយ” ក្នុង​រយៈ​ពេល​១​សប្តាហ៍​នោះ​(លេវីវិន័យ ២៣:៣៥)។ ពិធី​បុណ្យ​បារាំ​ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​សរសើរ​ដំកើង​ការ​ផ្គត់​ផ្គង់​របស់​ព្រះ និង​នឹក​ចាំ​អំពី​ពេល​ដែល​ពួក​គេ​ធ្លាប់​ឆ្លង​កាត់ នៅ​វាល​រហោស្ថាន បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​នគរ​អេស៊ីព្ទ​(ខ.៤២-៤៣)។

ការ​ជួប​ជុំ​គ្នា​នេះ​បាន​រឹត​ចំណង​សាមគ្គី​របស់​រាស្រ្ត​អ៊ីស្រាអែល ក្នុង​នាម​ជា​រាស្រ្ត​របស់​ព្រះ​ជាម្ចាស់ ហើយ​ប្រកាស់​អំពី​សេចក្តីល្អ​របស់​ព្រះអង្គ ទោះ​ពួក​គេ​មាន​ទុក្ខ​លំបាក​រួម ឬ​មាន​ទុក្ខ​លំបាក​ខុស​ៗ​គ្នា​យ៉ាង​ណា​ក៏​ដោយ។ ពេល​ណា​យើង​ជួប​ជុំ​គ្នាជា​មួយ​អ្នក​ដែល​យើង​ស្រឡាញ់ ដើម្បី​រំឭក​អំពី​ការ​ផ្គត់​ផ្គង់ និង​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ ក្នុង​ជីវិត​យើង​ នោះ​ជំនឿ​យើងក៏​នឹង​រឹង​​មាំ​ផង​ដែរ។​—Kirsten Holmberg