មានក្មេងជំទង់ម្នាក់ឈ្មោះអាល់ឌី(Aldi) កំពុងតែធ្វើការនេសាទម្នាក់ឯង នៅលើខ្ទមបណ្តែតទឹកមួយ ដែលបានបោះយុថ្កា នៅចម្ងាយប្រហែល ១២៥គីឡូម៉ែត្រ ពីកោះស៊ូឡាវេស៊ី របស់ប្រទេសឥណ្ឌូនេស៊ី។ កម្លាំងខ្យល់បក់បោកខ្លាំង បានរុញច្រានខ្ទមនោះចេញទៅក្នុងសមុទ្រ យ៉ាងឆ្ងាយ។ អាល់ឌី(Aldi) ក៏បានរសាត់ចុះឡើង នៅក្នុងមហាសមុទ្រ អស់រយៈពេល៤៩ថ្ងៃ។ រៀងរាល់ពេលគាត់ឃើញនាវាធ្វើដំណើរពីចម្ងាយ គាត់ក៏បានបើកភ្លើងចង្កៀងរបស់គាត់ ដើម្បីឲ្យពួកនាវិកឃើញគាត់។ គាត់មានការខកចិត្តយ៉ាងខ្លាំង ពេលដែលនាវាទាំងនោះមិនបានឃើញគាត់។ មាននាវាប្រហែល១០គ្រឿងបានបើកហួសទៅបាត់ ទំរាំតែមានគេឃើញ និងជួយសង្រ្គោះគាត់។
មានពេលមួយ ព្រះយេស៊ូវបានមានបន្ទូលជាពាក្យប្រៀបប្រដូច ទៅកាន់ “អ្នកប្រាជ្ញច្បាប់ម្នាក់”(លូកា ១០:២៥) អំពីមនុស្សម្នាក់ដែលត្រូវការការសង្រ្គោះ។ មានបុរសពីរនាក់ ម្នាក់ជាសង្ឃ និងម្នាក់ជាពួកលេវី បានឃើញបុរសដែលមានរបួសនោះ ដេកដួលនៅលើផ្លូវ ដែលពួកគេកំពុងធ្វើដំណើរ។ ប៉ុន្តែ ពួកគេមិនបានឈប់ ដើម្បីជួយគាត់ទេ ហើយក៏បានដើរវាងទៅម្ខាង(ខ.៣១-៣២)។ ព្រះគម្ពីរមិនបានប្រាប់ថា ហេតុអ្វីពួកគេធ្វើដូចនេះទេ។ តែអ្នកទាំងពីរជាអ្នកកាន់សាសនា ហើយគួរតែធ្លាប់ស្គាល់ក្រឹត្យវិន័យរបស់ព្រះ ដែលបង្គាប់ឲ្យស្រឡាញ់អ្នកជិតខាងរបស់ខ្លួន(លេវីវិន័យ ១៩:១៧-១៨)។ ពួកគេប្រហែលជាខ្លាចគ្រោះថ្នាក់ បានជាពួកគេមិនហ៊ានជួយគាត់ ឬប្រហែលជាមិនចង់បំពានក្រឹត្យវិន័យរបស់សាសន៍យូដា ដែលបានហាមមិនឲ្យប៉ះពាល់សាកសព ដែលនាំឲ្យពួកគេមិនអាចធ្វើការក្នុងព្រះវិហារបាន។ ផ្ទុយទៅវិញ មានសាសន៍សាម៉ារីម្នាក់ ដែលពួកយូដាស្អប់ខ្ពើម បានជួយសង្រ្គោះគាត់។ គាត់បានឃើញបុរសនោះ ត្រូវការជំនួយ ហើយក៏បានជួយយកអាសារគាត់ ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។
ព្រះយេស៊ូវក៏បានមានបន្ទូលសរុបការបង្រៀន អំពីរឿងនេះ ដោយបង្គាប់អ្នកដើរតាមព្រះអង្គ ឲ្យ “ប្រព្រឹត្តបែបដូច្នោះដែរ”(លូកា ១០:៣៧)។ សូមព្រះជាម្ចាស់ជួយយើង ឲ្យហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដើម្បីជួយអ្នកដទៃ ដោយសេចក្តីស្រឡាញ់។—Poh Fang Chia