កាលលោកធីធ័រ វេលឆ៍(Peter Welch) នៅក្មេង ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ការប្រើឧបករណ៍រាវរកលោហៈធាតុ គឺគ្រាន់តែជាការកម្សាន្តសប្បាយប៉ុណ្ណោះ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ១៩៩០មក គាត់បានដឹកនាំមនុស្សជាច្រើន នៅទូទាំងពិភពលោក នៅក្នុងការធ្វើដំណើររាវរកលោហៈធាតុ។ ពួកគេបានរកឃើញវត្ថុរាប់ពាន់ ដែលមានដូចជាដាវ គ្រឿងអលង្កាបុរាណ និងកាក់ជាដើម។ ពួកគេបានស្វែងរកគំរូ នៅក្នុងទីវាលនៃកសិដ្ឋាន ក្នុងចក្រភពអង់គ្លេស ដោយប្រើកម្មវិថី “ហ្គុកហ្គល អឺស” ដែលជាកម្មវិធីកំព្យូទ័រ ផ្អែកទៅលើរូបភាពថតពីផ្កាយរណប។ ពួកគេក៏បានរកឃើញទីតាំងរបស់ផ្លូវថ្នល់ អាគារ និងសំណង់ដទៃទៀត ដែលអាចមានវត្តមានកាលពីប៉ុន្មានសតវត្សរ៍មុន។ លោកភីធ័រក៏បាននិយាយថា “រូបភាពដែលថតបានពីលើមេឃ បានជួយឲ្យយើងរកឃើញអ្វីៗជាច្រើន តាមវិធីសាស្រ្តរុករកដ៏ថ្មីស្រឡាងមួយ”។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរាស្រ្តរបស់ព្រះ នៅសម័យហោរាអេសាយ។ កាលនោះ ពួកគេត្រូវការ “ទស្សនៈមកពីស្ថានលើ”។ ពួកគេមានមោទនភាព ដែលបានធ្វើជារាស្រ្តរបស់ព្រះអង្គ តែពួកគេមិនបានស្តាប់បង្គាប់ព្រះអង្គ ហើយមិនព្រមលះបង់ចោលរូបព្រះដែលពួកគេកំពុងថ្វាយបង្គំ។ តែព្រះជាម្ចាស់មានទស្សនៈផ្សេងពីនេះ។ ទោះពួកគេមានការបះបោរក៏ដោយ ព្រះអង្គនៅតែសង្រ្គោះពួកគេឲ្យរួចពីភាពជាឈ្លើយសឹករបស់ចក្រភពបាប៊ីឡូន។ តើហេតុអ្វី? ព្រះអង្គមានបន្ទូលប្រាប់ពួកគេថា “ដោយយល់ដល់ខ្លួនអញ … សិរីល្អរបស់អញៗមិនព្រមលើកឲ្យទៅអ្នកដទៃឡើយ”(អេសាយ ៤៨:១១)។ ព្រះជាម្ចាស់បានបង្ហាញទស្សនៈរបស់ព្រះអង្គពីស្ថានលើមក ឲ្យយើងបានដឹងថា យើងត្រូវរស់នៅ ដើម្បីថ្វាយសិរីល្អ និងបំពេញគោលបំណងរបស់ព្រះអង្គ គឺមិនមែនដើម្បីខ្លួនយើងនោះឡើយ។ យើងត្រូវផ្តោតទៅលើព្រះអង្គ និងផែនការរបស់ព្រះអង្គ ហើយផ្តោតទៅលើការនាំអ្នកដទៃឲ្យសរសើរដំកើងព្រះអង្គផងដែរ។
កាលណាយើងមានទស្សនៈ ដែលថ្វាយសិរីល្អដល់ព្រះ យើងនឹងទទួលបាននូវព្រះពរថ្មីៗជាច្រើន។ មានតែព្រះអង្គទេ ដែលជ្រាបថា យើងនឹងមានការយល់ដឹងអ្វីខ្លះ អំពីព្រះអង្គ និងរកឃើញអ្វីដែលព្រះអង្គមានសម្រាប់យើង។ ព្រះជាម្ចាស់នឹងបង្រៀនយើង អំពីអ្វីដែលល្អសម្រាប់យើង និងដឹកនាំយើង ទៅតាមផ្លូវ ដែលយើងគួរតែដើរតាម(ខ.១៧)។—Anne Cetas