អ្នកស្រីស្ទេឡា(Stella) និយាយថា “ខ្ញុំមើលថែរគាត់។ ពេលណាគាត់សប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្ត”។ លោកម៉ឺល(Merle) ក៏បានឆ្លើយតបថា “ខ្ញុំសប្បាយចិត្ត ពេលណានាងនៅក្បែរខ្ញុំ”។ លោកម៉ឺល និងអ្នកស្រីស្ទេឡាបានរៀបការអស់រយៈពេល៧៩ឆ្នាំមកហើយ។ ពេលដែលលោកម៉ឺលត្រូវបានគេទទួលឲ្យស្នាក់នៅក្នុងមន្ទីរចាស់ជរា គាត់មានអារម្មណ៍វេទនាណាស់ ដូចនេះ អ្នកស្រីស្ទេឡាក៏បាននាំគាត់មកផ្ទះវិញ ដោយចិត្តត្រេកអរ។ គាត់មានអាយុ១០១ឆ្នាំ ហើយចំណែកអ្នកស្រីស្ទេឡាវិញ មានអាយុ៩៥ឆ្នាំ។ អ្នកស្រីស្ទេឡាត្រូវការឈើច្រត់ដើម្បីផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត តែគាត់នៅតែធ្វើអ្វីដែលគាត់អាចធ្វើ ដោយក្តីស្រឡាញ់ សម្រាប់ស្វាមីរបស់គាត់ ដូចជា ការរៀបចំម្ហូបអាហារ ដែលស្វាមីគាត់ចូលចិត្តជាដើម។ ប៉ុន្តែ គាត់មិនអាចធ្វើការនេះ ដោយខ្លួនឯងបានឡើយ។ ចៅៗ និងអ្នកជិតខាង បានជួយអ្នកស្រីស្ទេឡាធ្វើការអ្វីដែលគាត់មិនអាចរ៉ាប់រងបាន។
អ្នកស្រីស្ទេឡា និងលោកម៉ឺលបានរួមជីវិត ជាគំរូ ដែលមានចែងក្នុងបទគម្ពីរលោកុប្បត្តិ ២ ដែលក្នុងនោះ ព្រះជាម្ចាស់បានមានបន្ទូលថា “ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា”(ខ.១៨)។ គ្មានសត្វណាមួយដែលព្រះបានដាក់ ក្នុងសួនច្បាអេដែន ជាមួយលោកអ័ដាម អាចបំពេញតួនាទីនេះបានឡើយ។ គឺមានតែនាងអេវ៉ាប៉ុណ្ណោះ ដែលព្រះអង្គបានបង្កើតពីឆ្អឹងជំនីរបស់លោកអ័ដាំម ដែលអាចធ្វើជាអ្នកជំនួយ និងអ្នករួមជីវិតដ៏សក្តិសមរបស់លោកអ័ដាំម(ខ.១៩-២៤)។
នាងអេវ៉ា គឺជាអ្នករួមជីវិតដ៏ល្អបំផុត សម្រាប់លោកអ័ដាម ហើយតាមរយៈពួកគេ ព្រះជាម្ចាស់ក៏បានបង្កើតមង្គលការ។ នេះមិនគ្រាន់តែដើម្បីជាជំនួយដល់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែថែមទាំងដើម្បីបង្កើតគ្រួសារមួយ និងថែរក្សាស្នាព្រះហស្តព្រះអង្គ ដែលរាប់បញ្ចូលមនុស្សជំនាន់ក្រោយ(១:២៨)។ គ្រួសារដំបូងនោះ បានក្លាយជាសហគមន៍ ដើម្បីកុំឲ្យយើងមានភាពឯកោឡើយ ទោះយើងបានរៀបការហើយ ឬនៅលីវក្តី ទោះយើងជាមនុស្សចាស់ ឬក្មេងក្តី។ ក្នុងនាមជាសហគមន៍មួយ ព្រះជាម្ចាស់បានប្រទានយើងនូវឯកសិទ្ធិ ដើម្បី “ជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក”(កាឡាទី ៦:២)។—Alyson Kieda