អ្នក​ស្រី​ស្ទេឡា(Stella) និយាយ​ថា “ខ្ញុំ​មើល​ថែរ​គាត់។ ពេល​ណា​គាត់​សប្បាយ​ចិត្ត ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត”។ លោក​ម៉ឺល(Merle) ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​សប្បាយ​ចិត្ត ពេល​ណា​នាង​នៅ​ក្បែរ​ខ្ញុំ”។ លោក​ម៉ឺល និង​អ្នក​ស្រី​ស្ទេឡា​បាន​រៀប​ការ​អស់​រយៈ​ពេល​៧៩​ឆ្នាំ​មក​ហើយ។ ពេល​ដែល​លោក​ម៉ឺល​ត្រូវ​បាន​គេ​ទទួល​ឲ្យ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ចាស់​ជរា គាត់​មាន​អារម្មណ៍វេទនា​ណាស់ ដូច​នេះ អ្នក​ស្រី​ស្ទេឡា​ក៏​បាន​នាំ​គាត់​មក​ផ្ទះ​វិញ ដោយ​ចិត្ត​ត្រេក​អរ។ គាត់​មាន​អាយុ​១០១​ឆ្នាំ ហើយចំណែក​អ្នក​ស្រីស្ទេឡា​វិញ មាន​អាយុ​៩៥ឆ្នាំ។ អ្នក​ស្រី​ស្ទេឡា​ត្រូវ​ការ​ឈើ​ច្រត់​ដើម្បី​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត តែ​គាត់​នៅ​តែ​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ ដោយ​ក្តី​ស្រឡាញ់ សម្រាប់​ស្វាមី​របស់​គាត់ ដូច​ជា ការ​រៀប​ចំ​ម្ហូប​អាហារ ដែល​ស្វាមី​គាត់​ចូល​ចិត្ត​ជា​ដើម​។ ប៉ុន្តែ គាត់​មិន​អាច​ធ្វើ​ការ​នេះ ដោយ​ខ្លួន​ឯង​បាន​ឡើយ។ ចៅ​ៗ និង​អ្នក​ជិត​ខាង បាន​ជួយ​អ្នកស្រី​ស្ទេឡា​ធ្វើ​ការ​អ្វី​ដែល​គាត់​មិន​អាច​រ៉ាប់​រង​បាន។​

អ្នក​ស្រី​ស្ទេឡា និង​លោក​ម៉ឺល​បាន​រួម​ជីវិត ជា​គំរូ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ២ ដែល​ក្នុង​នោះ ព្រះជា​ម្ចាស់បាន​មាន​បន្ទូល​ថា “ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំរាប់​ជួយ​វា”(ខ.១៨)។ គ្មាន​សត្វ​ណា​មួយ​ដែល​ព្រះ​បាន​ដាក់ ក្នុង​សួន​ច្បា​អេដែន ជា​មួយ​លោក​អ័ដាម អាច​បំពេញ​តួនាទី​នេះ​បាន​ឡើយ។ គឺ​មាន​តែ​នាង​អេវ៉ា​ប៉ុណ្ណោះ ដែល​ព្រះ​អង្គ​បាន​បង្កើត​ពី​ឆ្អឹង​ជំនី​របស់​លោក​អ័ដាំម ដែល​អាច​ធ្វើ​ជា​អ្នក​ជំនួយ និង​អ្នករួម​ជីវិត​ដ៏​សក្តិ​សម​របស់​លោក​អ័ដាំម(ខ.១៩-២៤)។

នាង​អេវ៉ា គឺ​ជា​អ្នក​រួម​ជីវិត​ដ៏​ល្អ​បំផុត សម្រាប់​លោក​អ័ដាម ហើយ​តាម​រយៈ​ពួក​គេ ព្រះ​ជា​ម្ចាស់​ក៏​បាន​បង្កើត​មង្គល​ការ។ នេះ​មិន​គ្រាន់​តែ​ដើម្បី​ជា​ជំនួយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ដើម្បី​បង្កើត​គ្រួសារ​មួយ និង​ថែរក្សា​ស្នា​ព្រះហស្ត​ព្រះអង្គ ដែល​រាប់​បញ្ចូល​មនុស្ស​ជំនាន់​ក្រោយ​(១:២៨)។ គ្រួសារ​ដំបូង​នោះ បាន​ក្លាយ​ជា​សហគមន៍ ដើម្បី​កុំ​ឲ្យយើង​មាន​ភាព​ឯកោ​ឡើយ ទោះ​យើង​បាន​រៀប​ការ​ហើយ ឬ​នៅ​លីវ​ក្តី ទោះ​យើង​ជា​មនុស្ស​ចាស់ ឬ​ក្មេង​ក្តី។​ ក្នុង​នាមជា​សហគមន៍​មួយ ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង​នូវ​ឯក​សិទ្ធិ ដើម្បី “ជួយ​សម្រាល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក”(កាឡាទី ៦:២)។​—Alyson Kieda