នៅ​ពេល​យប់​មួយ​នោះ អ្នក​ដឹក​នាំ​ម្នាក់​បាន​ចេញ​ទៅ​ក្រៅ ដើម្បី​ជិះ​សេះ​ត្រួត​ពិនិត្យ​ការងារ ដែល​មិន​ទាន់​ធ្វើ​ហើយ។ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ពិនិត្យ​មើល​សំណង់​បាក់​បែក នៅ​ជុំវិញ​ខ្លួន​គាត់ គាត់​ក៏​បាន​ឃើញ​កំផែង​ទីក្រុង ដែល​បានទទួល​រង​ការ​បំផ្លិច​បំផ្លាញ និង​ទ្វារ​ទីក្រុង​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់។ នៅ​តំបន់​ខ្លះ​មាន​កំទេច​ថ្ម​ច្រើន​ពេក ធ្វើ​ឲ្យ​សេះ​គាត់​មានការ​ពិបាក​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត។ គាត់​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ទឹក​មុខ​ស្រងូត​ស្រងាត់។​

ពេល​ដែល​គាត់​ត្រូវ​រាយ​ការណ៍​អំពី​ការ​ខូច​ខាត ដល់​ពួក​មន្រ្តី​របស់​ទីក្រុង​នេះ គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អាក្រក់​របស់​យើង​រាល់​គ្នា​នេះ ហើយ​ថា ក្រុង​យេរូសាឡិម​នៅ​តែ​គ្រាំគ្រា ហើយ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន​ភ្លើង​ឆេះ​អស់ ដូច្នេះ ចូរ​មក យើង​សង់​កំផែង​ក្រុង​យេរូសាឡិម​ឡើង ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះតិះដៀល​ដល់​យើង​ទៀត”(នេហេមា ២:១៧)។ គាត់​រាយ​ការណ៍​ថា ទីក្រុង​កំពុង​ស្ថិត​ក្នុង​ភាព​បាក់​បែក ហើយ​កំផែង​មិន​អាច​ការពារ​ទីក្រុង​បាន​ឡើយ។​

ប៉ុន្តែ បន្ទាប់​មក គាត់​ក៏​បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​ដែល​កំពុង​តែ​ថប់​បារម្ភ ដើម្បី​កំឡា​ចិត្ត​ពួក​គេ​ថា ព្រះ​ជា​ម្ចាស់​បាន​ដាក់ព្រះហស្ត​ទ្រង់ នៅ​លើ​គាត់។ ភ្លាម​ៗ​នោះ ប្រជាជន​ក៏​បាន​ឆ្លើយ​តប ដោយ​រួប​រួម​គ្នា នៅ​ក្នុង​ការ​ជួស​ជុល​កំផែង​ទីក្រុង​(ខ.១៨)។

នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នេហេមា ប្រជាជន​ទីក្រុង​យេរូសាឡិម​ក៏​បាន​ជួស​ជុល​កំផែង​ឡើង​វិញ ក្នុង​រយៈ​ពេល​៥២ថ្ងៃ ដោយ​ជំនឿ​លើ​ព្រះ និង​ការ​ប្រឹង​ប្រែង​អស់​ពី​លទ្ធ​ភាព ទោះ​ជា​មាន​ការ​ប្រឆាំង​ពី​សត្រូវ ហើយ​មាន​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ(៦:១៥)។​

ពេល​ដែល​អ្នក​ពិចារណា​អំពី​កាលៈ​ទេសៈ​របស់​អ្នក តើ​មាន​ការ​អ្វី​ដែល​ហាក់​ដូច​ជា​ពិបាក ប៉ុន្តែ​​ អ្នក​ដឹង​ថា ព្រះ​ជា​ម្ចាស់សព្វ​ព្រះ​ទ័យ​ឲ្យ​អ្នក​ធ្វើ? តើ​មាន​អំពើ​បាប​អ្វី ដែល​អ្នក​ហាក់​ដូច​ជា​មិន​អាច​ជម្រុះ​ចោល​ឬ​ទេ? តើ​ទំនាក់​ទំនង​របស់​អ្នក​មានបញ្ហា​អ្វី ដែល​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ? តើ​មាន​កិច្ចការ​អ្វី​ដែល​ហាក់​ដូច​ជា​ពិបាក​ពេក សម្រាប់​ព្រះ​អង្គ​ឬ​ទេ?

ចូរ​ទូល​សូម​ការ​ដឹក​នាំ​ពី​ព្រះ(២:៤-៥) ចូរ​វិភាគ​បញ្ហា​របស់​អ្នក​(ខ.១១-១៥) ចូល​ទូល​សូម​ឲ្យ​ព្រះ​អង្គ​ចូល​រួម​ជា​មួយ​អ្នក(ខ.១៨) ហើយ​ចូរ​ចាប់​ផ្តើម​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក។​—Dave Branon