លោកស៊ែម(Sam) បានពិនិត្យមើលគណនីប្រាក់ចូលនិវត្តន៍របស់គាត់ ក្នុងមួយថ្ងៃពីរដង។ គាត់បានសន្សំប្រាក់ចូលនិវត្តន៍អស់រយៈពេល៣០ឆ្នាំហើយ ហើយដោយសារផ្សារហ៊ុនមានការកើនឡើង។ ទីបំផុត គាត់មានប្រាក់គ្រប់គ្រាន់ ដើម្បីចូលនិវត្តន៍។ ប៉ុន្តែ គាត់ក៏ខ្លាចផ្សារហ៊ុនធ្លាក់ចុះវិញផងដែរ។ ការភ័យខ្លាចនេះបានធ្វើឲ្យគាត់បារម្ភ អំពីប្រាក់ដែលគាត់មានក្នុងកុងធនាគាររបស់គាត់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីហោរាយេរេមា ដែលព្រមានប្រជាជនយូដាថា “ឱពួកយូដាអើយ ចំនួនព្រះរបស់ឯង នោះប្រមាណស្មើនឹងទីក្រុងទាំងប៉ុន្មានរបស់ឯងដែរ ហើយដែលមានផ្លូវនៅក្រុងយេរូសាឡិមប៉ុណ្ណា នោះឯងក៏បានស្អាងអាសនាថ្វាយដល់របស់គួរខ្មាសនោះ ចំនួនប៉ុណ្ណោះដែរ គឺជាអាសនាសំរាប់ដុតកំញានថ្វាយដល់ព្រះបាលផង”(១១:១៣)។
ការថ្វាយបង្គំរូបព្រះរបស់ពួកយូដា គឺជាបញ្ហាដែលគួរឲ្យកត់សំគាល់។ ពួកគេដឹងថា ព្រះជាម្ចាស់ គឺជាព្រះ។ ហេតុអ្វីបានជាពួកគេនៅតែថ្វាយបង្គំព្រះដទៃ? កាលនោះ ពួកគេកំពុងតែចាក់ខ្សែ ឬខ្លួនមួយជិះទូកពីរ។ ពួកគេដឹងថា ពួកគេត្រូវការព្រះអម្ចាស់ជួយពួកគេ បន្ទាប់ពីពួកគេស្លាប់ទៅ ព្រោះមានតែព្រះពិតទេ ដែលអាចប្រោសពួកគេឲ្យរស់ពីស្លាប់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីពេលនោះ ពួកគេថ្វាយបង្គំរូបព្រះ? ព្រោះព្រះរបស់សាសន៍ដទៃបានសន្យាថា នឹងផ្តល់ឲ្យនូវសុខភាពល្អ ទ្រព្យសម្បត្តិ និងភាពចម្រុងចម្រើន។
តើអ្នកដឹងទេថា យើងក៏កំពុងតែជួបការល្បួងឲ្យថ្វាយបង្គំរូបព្រះផងដែរ? វាជាការល្អហើយ ដែលយើងមានអំណោយទាន ការអប់រំ និងលុយច្រើន។ ប៉ុន្តែ បើមិនប្រយ័ត្នទេ យើងនឹងងាកមកទុកចិត្តលើពួកវា ជាជាងទុកចិត្តព្រះ។ យើងដឹងថា យើងត្រូវការព្រះ នៅពេលយើងស្លាប់ទៅ ហើយយើងក៏សូមព្រះអង្គឲ្យប្រទានពរយើង ក្នុងពេលបច្ចុប្បន្នផងដែរ។ ប៉ុន្តែ បើយើងពឹងផ្អែក និងទុកចិត្តលើរបស់ទំាងនោះ ខ្លាំងជាងទុកចិត្តព្រះ គឺមានន័យថា យើងកំពុងតែថ្វាយបង្គំរូបព្រះហើយ។
តើអ្នកទុកចិត្តលើអ្វី? រូបព្រះសម្រាប់ដោះទាល់ ក៏ជារូបព្រះ ដែលព្រះជាម្ចាស់បានហាមឃាត់។ ចូរអរព្រះគុណព្រះអង្គសម្រាប់អំណោយជាច្រើនដែលព្រះអង្គប្រទាន ហើយទូលព្រះអង្គថា អ្នកមិនពឹងផ្អែកលើរបស់ទំាងនោះឡើយ។ អ្នកត្រូវដាក់ជំនឿលើព្រះអង្គទាំងស្រុង។—Mike Wittmer