អ្នកស្រីលេឡា(Lela) កំពុងមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ ហើយលោកធីម៉ូធី(Timothy) ដែលជាស្វាមី មិនយល់ថា ហេតុអ្វីព្រះដែលមានក្តីស្រឡាញ់ អនុញ្ញាតឲ្យភរិយាគាត់រងទុក្ខវេទនាយ៉ាងនេះទេ។ នាងបានបម្រើព្រះអង្គដោយចិត្តស្មោះត្រង់ ក្នុងការងារជាគ្រូបង្រៀនព្រះគម្ពីរ និងបានបង្កើតសិស្សជាច្រើននាក់។ គាត់ក៏បានទូលសួរព្រះអង្គទាំងទឹកភ្នែកថា “ហេតុអ្វីព្រះអង្គអនុញ្ញាតឲ្យរឿងនេះកើតឡើង?” ប៉ុន្តែ លោកធីម៉ូធីនៅតែបន្តដើរជាមួយព្រះជាម្ចាស់ ដោយចិត្តស្មោះត្រង់។
ខ្ញុំក៏បានសួរគាត់ត្រង់ៗថា “ហេតុអ្វីលោកនៅតែជឿព្រះអង្គ?” “តើមានអ្វីដែលរារាំងមិនឲ្យអ្នកឈប់ជឿព្រះអង្គ?”
លោកធីម៉ូធីក៏បានឆ្លើយថា “គឺដោយសាររឿងដែលបានកើតឡើង កាលពីមុន”។ សព្វថ្ងៃនេះ គាត់មិនអាច “មើលឃើញ” ព្រះជាម្ចាស់ទេ តែគាត់បាននឹកចាំ អំពីពេលមួយ ដែលព្រះជាម្ចាស់បានជួយ និងការពារគាត់។ នោះជាសញ្ញាបញ្ជាក់ថា ព្រះអង្គនៅតែថែរក្សាក្រុមគ្រួសារគាត់។ គាត់ថា “ខ្ញុំដឹងថា ព្រះដែលខ្ញុំជឿ ទ្រង់នឹងនាំខ្ញុំឆ្លងកាត់ទុក្ខលំបាកនេះ តាមរបៀបរបស់ទ្រង់”។
ពាក្យសម្តីរបស់លោកធីម៉ូធីបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលលោកអេសាយបង្ហាញចេញនូវការទុកចិត្តចំពោះព្រះអម្ចាស់ ក្នុងបទគម្ពីរ អេសាយ ៨:១៧។ កាលនោះ គាត់មិនអាចមើលឃើញព្រះវត្តមានព្រះអង្គ ខណៈពេលដែលរាស្រ្តព្រះអង្គកំពុងតែត្រៀមខ្លួន សម្រាប់បញ្ហាដែលបង្ករឡើងដោយពួកសត្រូវ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែ “រង់ចាំព្រះអម្ចាស់”។ គាត់ទុកចិត្តព្រះ ព្រោះព្រះអង្គបានប្រទានទីសំគាល់ ដែលបង្ហាញថា ព្រះអង្គតែងតែគង់នៅជាមួយជានិច្ច(ខ.១៨)។
មានពេលខ្លះ យើងប្រហែលជាមានអារម្មណ៍ថា ព្រះជាម្ចាស់មិនបានគង់នៅជាមួយយើង ក្នុងពេលយើងមានបញ្ហា ។ ស្ថិតក្នុងពេលបែបនេះ យើងចាំបាច់ត្រូវពឹងផ្អែកទៅលើអ្វីដែលយើងបានឃើញព្រះអង្គធ្វើក្នុងជីវិតយើង កាលពីមុន និងក្នុងពេលសព្វថ្ងៃ។ ការអ្វីដែលយើងបានឃើញព្រះអង្គធ្វើក្នុងជីវិតយើង គឺបានរំឭកយើងថា ព្រះដែលយើងមើលមិនឃើញ តែងតែគង់នៅជាមួយយើងជានិច្ច ហើយនឹងឆ្លើយតប តាមពេលវេលា និងរបៀបរបស់ព្រះអង្គ។—Leslie Koh