អ្នក​ស្រី​លេឡា(Lela) កំពុង​មាន​ជម្ងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ ហើយ​លោក​ធីម៉ូធី(Timothy) ដែល​ជា​ស្វាមី មិនយល់​ថា ហេតុ​អ្វី​ព្រះ​ដែល​មាន​ក្តី​ស្រឡាញ់ អនុញ្ញាត​ឲ្យ​ភរិយា​គាត់​រង​ទុក្ខ​វេទនា​យ៉ាង​នេះ​ទេ។ នាង​បាន​បម្រើ​ព្រះ​អង្គដោយ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ការងារ​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ និង​បាន​បង្កើត​សិស្ស​ជា​ច្រើន​នាក់។ គាត់​ក៏​បាន​ទូល​សួរ​ព្រះ​អង្គទាំង​ទឹក​ភ្នែក​ថា “ហេតុ​អ្វី​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង?” ប៉ុន្តែ លោក​ធីម៉ូធី​នៅ​តែ​បន្ត​ដើរ​ជា​មួយ​ព្រះ​ជា​ម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់។​

ខ្ញុំ​​ក៏​បាន​សួរ​គាត់​ត្រង់​ៗ​ថា “ហេតុ​អ្វី​លោក​នៅ​តែ​ជឿ​ព្រះ​អង្គ?” “តើ​មាន​អ្វី​ដែល​រារាំង​មិន​ឲ្យ​អ្នក​ឈប់​ជឿ​ព្រះ​អង្គ?”

លោក​ធីម៉ូធី​ក៏​បាន​ឆ្លើយ​ថា “គឺ​ដោយ​សារ​រឿង​ដែល​បាន​កើត​ឡើង កាល​ពី​មុន”។ សព្វ​ថ្ងៃ​នេះ គាត់​មិន​អាច “មើល​ឃើញ” ព្រះ​ជា​ម្ចាស់​ទេ តែ​គាត់​បាន​នឹក​ចាំ អំពី​ពេល​មួយ ដែល​ព្រះជា​ម្ចាស់​បាន​ជួយ និង​ការពារ​គាត់។ នោះជា​សញ្ញា​បញ្ជាក់​ថា ព្រះ​អង្គ​នៅ​តែ​ថែរក្សា​ក្រុម​គ្រួសារ​គាត់។ គាត់​ថា “ខ្ញុំ​ដឹង​ថា ​ព្រះ​ដែល​ខ្ញុំ​ជឿ ទ្រង់​នឹង​នាំ​ខ្ញុំ​ឆ្លង​កាត់​ទុក្ខ​លំបាក​នេះ តាម​របៀប​របស់​ទ្រង់”។​

ពាក្យ​សម្តី​របស់​លោក​ធីម៉ូធី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​លោក​អេសាយ​បង្ហាញ​ចេញ​នូវ​ការ​ទុក​ចិត្ត​ចំពោះ​ព្រះ​អម្ចាស់ ក្នុង​បទ​គម្ពីរ អេសាយ ៨:១៧។​ កាល​នោះ គាត់​មិន​អាច​មើល​ឃើញ​ព្រះ​វត្ត​មាន​ព្រះ​អង្គ ខណៈ​ពេល​ដែល​រាស្រ្ត​ព្រះ​អង្គកំពុង​តែ​ត្រៀម​ខ្លួន សម្រាប់​បញ្ហា​ដែល​បង្ករ​ឡើង​ដោយ​ពួក​សត្រូវ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​នៅ​តែ “រង់​ចាំ​ព្រះអម្ចាស់”។ គាត់​ទុក​ចិត្ត​ព្រះ ព្រោះ​ព្រះ​អង្គ​បាន​ប្រទាន​ទី​សំគាល់ ដែល​បង្ហាញ​ថា ព្រះ​អង្គ​តែង​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច(ខ.១៨)។

មាន​ពេល​ខ្លះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​មិន​បាន​គង់​នៅ​ជា​មួយ​យើង ក្នុង​ពេល​យើង​មាន​បញ្ហា ។ ស្ថិត​ក្នុង​ពេល​បែប​នេះ​ យើង​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​អ្វី​ដែល​យើង​បាន​ឃើញ​ព្រះ​អង្គ​ធ្វើ​ក្នុង​ជីវិត​យើង កាល​ពី​មុន​ និងក្នុង​ពេល​សព្វ​ថ្ងៃ។ ការ​អ្វី​ដែល​យើង​បាន​ឃើញ​ព្រះ​អង្គ​ធ្វើ​ក្នុង​ជីវិត​យើង គឺ​បាន​រំឭក​យើង​ថា ព្រះ​ដែល​យើង​មើល​មិនឃើញ តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច ហើយ​នឹង​ឆ្លើយ​តប តាម​ពេល​វេលា និង​របៀប​របស់​ព្រះ​អង្គ។​—Leslie Koh