អ្នកស្រីខេលស៊ី(Kelsey) បានដើរយ៉ាងពិបាក នៅតាមផ្លូវ នៅចន្លោះកន្លែងអង្គុយក្នុងយន្តហោះ ជាមួយកូនស្រីអាយុ១១ខែរបស់គាត់ឈ្មោះលូស៊ី(Lucy) ដែលភ្ជាប់ទៅដោយម៉ាស៊ីនអុកស៊ីសែន។ ពួកគេកំពុងតែធ្វើដំណើរ ទៅស្វែងរកការព្យាបាល សម្រាប់កូនតូចរបស់នាង ដែលមានជម្ងឺសួតដ៏រាំរ៉ៃ។ បន្ទាប់ពីពួកគេបានអង្គុយចុះ នៅលើកៅអីរួម មិនទាន់បានប៉ុន្មានផង អ្នកបម្រើលើយន្តហោះ ក៏បានដើរមករកអ្នកស្រីខេលស៊ី ដោយប្រាប់នាងថា មានអ្នកដំណើរម្នាក់នៅកៅអីជួរមុខ ចង់ប្តូរកៅអីជាមួយនាង។ ទឹកភ្នែករបស់នាងក៏ហូរចុះមក ដោយការដឹងគុណ ហើយក៏បានដើរទៅរកកៅអីដែលពិសេសជាងកៅអីរបស់នាង ខណៈពេលដែលសប្បុរសជនដែលនាងមិនដែលស្គាល់នោះ កំពុងតែដើរទៅរកកន្លែងអង្គុយរបស់នាង។
សប្បុរសជនដែលអ្នកស្រីខេលស៊ីបានជួប បានធ្វើឲ្យខ្ញុំនឹកចំា អំពីសេចក្តីសប្បុរស ដែលសាវ័កប៉ុលបានលើកមកនិយាយ ដើម្បីលើកទឹកចិត្ត នៅក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅលោកធីម៉ូថេ។ សាវ័កប៉ុលបានប្រាប់លោកធីម៉ូថេ ឲ្យបង្រៀនគេ ដោយបង្គាប់ឲ្យ “ធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង”(១ធីម៉ូថេ ៦:១៨)។ សាវ័កប៉ុលបានមានប្រសាសន៍ថា យើងងាយនឹងត្រូវល្បួង ឲ្យមានចិត្តក្រអឺតក្រទម និងសង្ឃឹមលើទ្រព្យសម្បត្តិ ក្នុងលោកិយនេះ។ ផ្ទុយទៅវិញ គាត់បានលើកទឹកចិត្តយើង ឲ្យផ្តោតទៅលើការរស់នៅ ដោយចិត្តសប្បុរស និងបម្រើដល់អ្នកដទៃ ដោយធ្វើជាអ្នកមាន ក្នុងការប្រព្រឹត្តការល្អ។
ទោះយើងឃើញថា ខ្លួនយើងមានទ្រព្យសម្បត្តិច្រើន ឬខ្វះខាតក្តី យើងរាល់គ្នា សុទ្ធតែអាចពិសោធន៍នឹងភាពបរិបូរ នៃការរស់នៅដោយចិត្តសប្បុរស ដោយស្ម័គ្រចិត្តចែករំលែក អ្វីដែលយើងមានដល់អ្នកដទៃ។ សាវ័កប៉ុលមានប្រសាសន៍ថា “យ៉ាងនោះ ទើបឈ្មោះថា យើងនឹងប្រមូលទ្រព្យសម្បត្តិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យយើងចាប់បានជីវិតអស់កល្បជានិច្ច”(ខ.១៩)។—Kirsten Holmberg