វេជ្ជបណ្ឌិតបានប្រាប់អ្នកជំងឺភ្នែកថា កែវភ្នែករបស់នាងខូចហើយ មិនអាចជួសជុលបានទេ។ គាត់ក៏បានរស់នៅ ដោយភាពពិការភ្នែក ដោយរៀនអក្សរផុស សម្រាប់ជនពិការភ្នែក និងប្រើឈើច្រត់មួយដើម និងសត្វឆ្កែមួយក្បាល សម្រាប់ជួយនាំផ្លូវ។ ប៉ុន្តែ ១៥ឆ្នាំក្រោយមក ការផ្លាស់ប្តូរក៏បានកើតឡើង ក្នុងជីវិតរបស់ស្រ្តីម្នាក់នេះ ដែលកំពុងរស់នៅ ក្នុងរដ្ឋមុនតាណា ពេលដែលស្វាមីរបស់គាត់បាននាំគាត់ទៅជួបពេទ្យភ្នែកម្នាក់ទៀត ដោយសួរសំណួរដ៏សាមញ្ញថា តើអាចជួយនាងបានទេ? វេជ្ជបណ្ឌិតក៏បានឆ្លើយថា គាត់អាចជួយនាងបាន។ វេជ្ជបណ្ឌិតក៏បានរកឃើញថា ស្រ្តីម្នាក់នេះមានជំងឺភ្នែកឡើងបាយ ដែលជាជំងឺកើតមានជាធម្មតា ហើយក៏បានវះកាត់យកបាយក្នុងភ្នែកនោះចេញពីភ្នែកខាងស្តាំ។ ពេលដែលគេបកបង់រំភ្នែកចេញ នៅថ្ងៃបន្ទាប់ ភ្នែកស្តាំរបស់គាត់អាចមើលច្បាស់ កំរិត២០/២០ ដូចមនុស្សធម្មតា។ ការវះកាត់នៅភ្នែកខាងឆ្វេង ក៏បានទទួលលទ្ធផលល្អដូចគ្នា។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំណួរដ៏សាមញ្ញមួយ ដែលបាននាំមកនូវការផ្លាស់ប្តូរ ក្នុងជីវិតរបស់លោកណាម៉ាន់ ជាមេទ័ពដ៏មានអំណាច ដែលកើតជម្ងឺឃ្លង់។ ប៉ុន្តែ លោកណាម៉ាន់បានបញ្ចេញកំហឹង ដោយភាពក្រអឺតក្រទម ចំពោះហោរាអេលីសេ ដែលបានណែនាំថា “សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ”(២ពង្សាវតាក្សត្រ ៥:១០)។ ទោះជាយ៉ាងក៏ដោយ អ្នកបម្រើរបស់លោកណាម៉ាន់បានសួរអ្នកដឹកនាំទាហានរូបនេះ នូវសំណួរដ៏សាមញ្ញមួយថា “បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី?”(ខ.១៣)។ លោកណាម៉ាន់ក៏មានជំនឿ ហើយក៏បាន “ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង តាមពាក្យនៃអ្នកសំណប់របស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង ហើយលោកបានជាស្អាត”(ខ.១៤)។
ក្នុងជីវិតរបស់យើង ជួនកាល យើងមានការពិបាក នៅក្នុងការដោះស្រាយបញ្ហាណាមួយ ដោយសារយើងមិនព្រមទូលសួរ ឬទូលសូមព្រះអង្គថា សូមព្រះអង្គជួយទូលបង្គំ? តើទូលបង្គំគួរតែទៅទេ? តើព្រះអង្គនឹងដឹកនាំទេ? ដើម្បីជួយយើង ព្រះអង្គមិនបានទាមទាឲ្យយើងទូលសួរព្រះអង្គ ដោយសំណួរដ៏ស្មុគ្រស្មាញនោះទេ។ ព្រះអង្គបានសន្យារាស្រ្តព្រះអង្គថា “មុនដែលគេអំពាវនាវ នោះអញនឹងតបឆ្លើយ”(អេសាយ ៦៥:២៤)។ ដូចនេះ នៅថ្ងៃនេះ ចូរយើងគ្រាន់តែទូលសួរព្រះអង្គ ដោយសំណួរដ៏សាមញ្ញប៉ុណ្ណោះ បើយើងត្រូវការព្រះអង្គជួយយើង។-Patricia Raybon