វេជ្ជ​បណ្ឌិត​បាន​ប្រាប់​អ្នក​ជំងឺ​ភ្នែក​ថា កែវ​ភ្នែក​របស់​នាងខូច​ហើយ មិន​អាច​ជួស​ជុល​បាន​ទេ។ គាត់​ក៏​បាន​រស់​នៅ ដោយ​ភាព​ពិការ​ភ្នែក ដោយ​រៀន​អក្សរ​ផុស សម្រាប់​ជន​ពិការ​ភ្នែក និង​ប្រើ​ឈើ​ច្រត់​មួយ​ដើម និង​សត្វ​ឆ្កែ​មួយ​ក្បាល សម្រាប់​ជួយ​នាំ​ផ្លូវ។ ប៉ុន្តែ ១៥​ឆ្នាំ​ក្រោយ​មក ការ​ផ្លាស់​ប្តូរ​ក៏​បាន​កើត​ឡើង ក្នុង​ជីវិត​របស់​ស្រ្តី​ម្នាក់​នេះ ដែល​កំពុង​រស់​នៅ ក្នុង​រដ្ឋ​មុនតាណា ពេល​ដែល​ស្វាមី​របស់​គាត់​បាន​នាំ​គាត់​ទៅ​ជួប​ពេទ្យ​ភ្នែក​ម្នាក់​ទៀត ដោយ​សួរ​សំណួរ​ដ៏​សាមញ្ញ​ថា តើ​អាច​ជួយ​នាងបាន​ទេ? វេជ្ជ​បណ្ឌិត​ក៏​បាន​ឆ្លើយ​ថា គាត់​អាច​ជួយ​នាង​បាន។ វេជ្ជ​បណ្ឌិត​ក៏​បាន​រក​ឃើញ​ថា ស្រ្តី​ម្នាក់​នេះ​មាន​ជំងឺ​ភ្នែក​ឡើង​បាយ ដែលជា​ជំងឺ​កើត​មាន​ជា​ធម្មតា ហើយ​ក៏​បាន​វះ​កាត់​យក​បាយ​ក្នុង​ភ្នែក​នោះ​ចេញ​ពី​ភ្នែក​ខាង​ស្តាំ។ ពេល​ដែល​គេ​បកបង់​រំភ្នែក​ចេញ នៅ​ថ្ងៃ​បន្ទាប់ ភ្នែក​ស្តាំ​របស់​គាត់​អាច​មើល​ច្បាស់ កំរិត២០/២០ ដូច​មនុស្ស​ធម្មតា។ ការ​វះ​កាត់​នៅ​ភ្នែក​ខាងឆ្វេង ក៏​បាន​ទទួល​លទ្ធ​ផល​ល្អ​ដូច​គ្នា។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សំណួរ​ដ៏​សាមញ្ញ​មួយ ដែល​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ជីវិត​របស់​លោក​ណាម៉ាន់ ​ជា​មេទ័ព​ដ៏​មាន​អំណាច ដែល​កើត​ជម្ងឺ​ឃ្លង់។ ប៉ុន្តែ លោក​ណាម៉ាន់​បាន​បញ្ចេញ​កំហឹង ដោយ​ភាព​ក្រអឺត​ក្រទម ចំពោះហោរា​អេលីសេ ដែល​បាន​ណែ​នាំ​ថា “សូម​ឲ្យ​លោក​ទៅ​មុជទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ”(២ពង្សាវតាក្សត្រ ៥:១០)។ ទោះ​ជា​យ៉ាង​ក៏​ដោយ​ អ្នក​បម្រើ​របស់​លោក​ណាម៉ាន់​បាន​សួរ​អ្នក​ដឹក​នាំ​ទាហាន​រូប​នេះ នូវ​សំណួរ​ដ៏​សាមញ្ញ​មួយ​ថា “បើសិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី?”(ខ.១៣)។ លោក​ណាម៉ាន់​ក៏​មាន​ជំនឿ ហើយ​ក៏​បាន​ “​ចុះ​ទៅ​មុជទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​៧​ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង ហើយ​លោក​បាន​ជា​ស្អាត”(ខ.១៤)។

ក្នុង​ជីវិត​របស់​យើង ជួន​កាល យើង​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ណា​មួយ ដោយ​សារ​យើង​មិន​ព្រម​ទូល​សួរ ឬ​ទូល​សូម​ព្រះ​អង្គ​ថា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ? តើ​ទូល​បង្គំ​គួរ​តែ​ទៅ​ទេ? តើ​ព្រះ​អង្គ​នឹង​ដឹក​នាំ​ទេ?  ដើម្បី​ជួយ​យើង ព្រះអង្គ​មិន​បាន​ទាម​ទា​ឲ្យ​យើង​ទូល​សួរ​ព្រះ​អង្គ ដោយ​សំណួរ​ដ៏​ស្មុគ្រ​ស្មាញ​នោះ​ទេ។ ព្រះ​អង្គ​បាន​សន្យា​រាស្រ្ត​ព្រះ​អង្គ​ថា “​មុន​ដែល​គេ​អំពាវនាវ នោះ​អញ​នឹង​តប​ឆ្លើយ”(អេសាយ ៦៥:២៤)។ ដូច​នេះ នៅ​ថ្ងៃ​នេះ ចូរ​យើង​គ្រាន់​តែ​ទូល​សួរ​ព្រះ​អង្គ ដោយ​សំណួរ​ដ៏​សាមញ្ញ​ប៉ុណ្ណោះ បើ​យើង​ត្រូវ​ការ​ព្រះ​អង្គ​ជួយ​យើង។-Patricia Raybon ​