មានពេលមួយ ខ្ញុំបានចូលរួមការជិះទូកចុះតាមល្បាក់ទឹក ជាមួយមនុស្សមួយក្រុម។ អ្នកនាំផ្លូវក៏បានស្រែកប្រាប់ ក្រុមដែលអង្គុយនៅខាងឆ្វេងគាត់ ឲ្យចែវទូកទៅមុខឲ្យបានបីច្រវ៉ា។ ក្រុមខាងឆ្វេង ក៏ខំចូកចែវ ដោយទាញនាំទូកចេញពីកន្លែងដែលមានទឹកកួចខ្លាំង។ អស់រយៈពេលប៉ុន្មានម៉ោងនោះ យើងបានរៀន អំពីសារៈសំខាន់នៃការស្តាប់តាមការណែនាំ របស់អ្នកនាំផ្លូវរបស់យើង។ សម្លេងដ៏នឹងធឹងរបស់គាត់បានជួយឲ្យគ្នាយើង៦នាក់ ដែលមានបទពិសោធន៍តិចតួច ក្នុងការអុំទូក ឲ្យធ្វើការរួមគ្នា ដើម្បីទាញនាំទូក ទៅរកកន្លែងដែលមានសុវត្ថិភាពបំផុត តាមបណ្តោយខ្សែទឹក ដែលកំពុងហូរធ្លាក់ចុះមកយ៉ាងគំហុក។
ជីវិតខាងវិញ្ញាណយើង ក៏មានដំណើរដូចការជិះទូកចុះតាមល្បាក់ទឹកផងដែរ តើមែនទេ? ពេលខ្លះ ការអុំទូកមានភាពរលូនទៅមុខ។ បន្ទាប់មក មួយរំពេចនោះ យើងក៏បានប្រញាប់ចូកចែវទូកយ៉ាងរហ័ស ដើម្បីជៀសចេញពីកន្លែងទឹកកួច ដែលកើតឡើងភ្លាមៗ។ ពេលដ៏តានតឹងនេះ ធ្វើឲ្យយើងដឹងថា យើងត្រូវការអ្នកនាំផ្លូវដែលមានជំនាញម្នាក់ ដើម្បីផ្តល់ឲ្យនូវការណែនាំដែលអាចទុកចិត្តបាន ដើម្បីជួយនាំយើងឆ្លងកាត់ពេលដ៏រំជើបរំជួល។
ក្នុងបទគម្ពីរទំនុកដំកើង ៣២ ព្រះជាម្ចាស់បានសន្យាថា “អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ ដែលឯងត្រូវដើរ”(ខ.៨)។ ទន្ទឹមនឹងនោះ ដើម្បីឲ្យយើងស្តាប់តាមព្រះអង្គ យើងក៏ចាំបាច់ត្រូវសារភាពអំពើបាបរបស់យើង(ខ.៥) ហើយអធិស្ឋាន ក្នុងការស្វែងរកព្រះអង្គ(ខ.៦)។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានការកម្សាន្តចិត្ត នៅក្នុងព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាថា ព្រះអង្គនឹងទូន្មានយើង ដោយព្រះនេត្រមើលយើងជានិច្ច(ខ.៨)។ គឺបានរំឭកយើងថា ការដឹកនាំរបស់ព្រះអង្គបានបង្ហូរចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គ។ នៅចុងជំពូកនេះ អ្នកនិពន្ធទំនុកដំកើង ក៏បានសន្និដ្ឋានថា “សេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួលរបស់ព្រះអម្ចាស់ ក៏ហ៊មព័ទ្ធអ្នកដែលទុកចិត្តព្រះអង្គ”(ខ.១០)។ ហើយកាលណាយើងទុកចិត្តព្រះអង្គ យើងនឹងអាចសម្រាក ដោយអនុញ្ញាតឲ្យព្រះអង្គដឹកនាំយើង ឆ្លងកាត់ដំណាក់កាលដែលរលាក់បំផុតនៃជីវិត តាមការសន្យារបស់ព្រះអង្គ។-Adam Holz