នៅក្នុងកម្មវិធីប្រគំតន្រ្តីកុមារ ខ្ញុំបានមើលគ្រូ និងសិស្សម្នាក់ កំពុងតែអង្គុយនៅពីមុខព្យាណូមួយគ្រឿង។ មុនពេលការប្រគុំតន្រ្តីជាគូចាប់ផ្តើម គ្រូក៏បានចូលទៅជិតសិស្ស ដើម្បីខ្សិបប្រាប់ការណែនាំមួយចំនួន ជាចុងក្រោយ។ នៅពេលដែលតន្រ្តីបានបន្លឺសម្លេងឡើង ខ្ញុំបានកត់សំគាល់ឃើញថា សិស្សបានលេងភ្លេង តាមទំនុកភ្លេងដ៏សាមញ្ញមួយ ខណៈពេលដែលគ្រូរបស់គាត់បានលេងអមជាមួយគាត់ ដើម្បីឲ្យទំនុកភ្លេងនោះកាន់តែមានភាពស៊ីជម្រៅ និងពិរោះ។ ជិតដល់ចុងបញ្ចប់នៃការប្រគុំនេះ គ្រូរបស់គាត់ក៏បានងក់ក្បាល់ ដើម្បីបង្ហាញការពេញចិត្ត ចំពោះការលេងតន្រ្តីរបស់គាត់។
ជីវិតរបស់យើង ក្នុងព្រះយេស៊ូវ គឺមានលក្ខណៈជាការប្រគុំជាគូ ជាជាងការប្រគុំទោល។ ជួនកាល ខ្ញុំភ្លេចថា ព្រះអង្គ “កំពុងតែអង្គុយក្បែរខ្ញុំ” ហើយខ្ញុំអាច “ប្រគុំតន្រ្តីជីវិត” ដោយអំណាច និងការដឹកនាំរបស់ព្រះអង្គតែប៉ុណ្ណោះ។ ពេលណាខ្ញុំព្យាយាមស្តាប់បង្គាប់តាមព្រះអង្គ ដោយកម្លាំងខ្លួនឯង នោះគឺមិនខុសពីការលេងភ្លេងឲ្យត្រូវណោត ដោយសមត្ថភាពខ្លួនឯងនោះឡើយ ដែលធ្វើឲ្យភ្លេងហាក់ដូចជាមិនត្រូវបទ និងមិនស៊ីជម្រៅ។ ខ្ញុំបានព្យាយាមដោះស្រាយបញ្ហា ដោយសមត្ថភាពរបស់ខ្ញុំដែលមានកំណត់ ប៉ុន្តែ ជាញឹកញាប់ ការមិនចុះសម្រុងជាមួយអ្នកដទៃ គឺជាលទ្ធផលដែលខ្ញុំទទួលបាន។
វត្តមានរបស់ព្រះ ដែលជាគ្រូរបស់ខ្ញុំ បាននាំមកនូវការផ្លាស់ប្តូរ។ ពេលដែលខ្ញុំពឹងផ្អែកទៅលើជំនួយរបស់ព្រះយេស៊ូវ ការរស់នៅរបស់ខ្ញុំក៏បានថ្វាយព្រះកិត្តិនាមដល់ព្រះអង្គផងដែរ។ ពេលនោះ ខ្ញុំក៏បានបម្រើដោយអំណរ ស្រឡាញ់ដោយមិនទើសទាល់ ហើយក៏មានការភ្ញាក់ផ្អើល ពេលដែលព្រះទ្រង់ប្រទានពរដល់ទំនាក់ទំនងរបស់ខ្ញុំ។ ការនេះបានកើតឡើង គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសាវ័កព្រះអង្គថា “អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ”(យ៉ូហាន ១៥:៥)។
រៀងរាល់ថ្ងៃ យើងប្រគុំតន្រ្តីជីវិតរបស់យើង ជាមួយព្រះយេស៊ូវ ដែលជាគ្រូរបស់យើង ដោយព្រះគុណ និងអំណាចចេស្តារបស់ព្រះអង្គ ដែលបានជួយឲ្យតន្រ្តីនៃជីវិតខាងវិញ្ញាណរបស់យើង មានភាពពិរោះរណ្តំ និងមានន័យ។—Jennifer Benson Schuldt