ម៉ាល់ខុម(Malcolm)ជាក្មេងជំទង់ ដែលមើលទៅ ហាក់ដូចជាមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង។ ប៉ុន្តែ ទំនុកចិត្តនេះមានតែសម្បកក្រៅទេ។ តាមពិត ភាពវឹកវរក្នុងគ្រួសារគាត់ បានបណ្តាលឲ្យគាត់មានការភ័យខ្លាច និងចង់ឲ្យគេទទួលស្គាល់គាត់ ហើយធ្វើឲ្យគាត់មានការយល់ថា គាត់ជាអ្នកនាំឲ្យគ្រួសាររបស់គាត់មានបញ្ហា។ គាត់និយាយថា “ខ្ញុំនៅចាំថា រៀងរាល់ពេលព្រឹក ខ្ញុំចូលក្នុងបន្ទប់ទឹក ឆ្លុះកញ្ចក់ ហើយនិយាយឮៗដាក់ខ្លួនឯងថា ឯងជាមនុស្សល្ងីល្ងើ ឯងមានរូបរាងអាក្រក់ ហើយវាជាកំហុសរបស់ឯង”។
ម៉ាល់ខុមស្អប់ខ្លួនឯង រហូតដល់ពេលគាត់មានអាយុ២១ឆ្នាំ គឺនៅពេលដែលគាត់បានរកឃើញការបើកសម្តែងមកពីព្រះ ឲ្យគាត់ស្គាល់អត្តសញ្ញាណរបស់គាត់ ក្នុងព្រះយេស៊ូវ។ គាត់ក៏បាននិយាយថា “ខ្ញុំដឹងថា ព្រះជាម្ចាស់ស្រឡាញ់ខ្ញុំដោយឥតលក្ខខណ្ឌ ហើយនេះជាការពិត ដែលមិនអាចកែប្រែបាន។ ខ្ញុំមិនអាចធ្វើឲ្យព្រះអង្គមានក្តីអាម៉ាស់ ហើយព្រះអង្គនឹងមិនដែលបដិសេធខ្ញុំឡើយ”។ ពេលនោះ គាត់ឆ្លុះកញ្ចក់ ហើយនិយាយប្រាប់ខ្លួនឯងថា “ព្រះអង្គស្រឡាញ់អ្នក អ្នកមានរូបរាងល្អស្អាត អ្នកមានអំណោយទាន ហើយវាមិនមែនជាកំហុសរបស់អ្នកទេ”។
ទីបន្ទាល់របស់ម៉ាល់ខុម បានពិពណ៌នា អំពីការអ្វីដែលព្រះវិញ្ញាណរបស់ព្រះបានធ្វើ សម្រាប់អ្នកជឿព្រះយេស៊ូវ គឺព្រះអង្គបានរំដោះយើង ឲ្យរួចផុតពីការភ័យខ្លាច ដោយបង្ហាញថា ព្រះអង្គបានស្រឡាញ់យើងខ្លាំងប៉ុណ្ណា(រ៉ូម ៨:១៥,៣៨-៣៩) ហើយបានបញ្ជាក់ថា យើងជាកូនរបស់ព្រះ ដែលនឹងទទួលព្រះពរជាច្រើន ក្នុងនាមជាកូនព្រះអង្គ(៨:១៦-១៧ ១២:៦-៨)។ ដូចនេះហើយ យើងអាចចាប់ផ្តើមមានទស្សនៈដ៏ត្រឹមត្រូវ ចំពោះខ្លួនឯង ដោយមានចិត្តគំនិតជាថ្មី(១២:២-៣)។
ជាច្រើនឆ្នាំក្រោយមកទៀត ម៉ាល់ខុមនៅតែនិយាយពាក្យទាំងនេះ ប្រាប់ខ្លួនឯង ជារៀងរាល់ថ្ងៃ ដើម្បីឲ្យខ្លួនគាត់
ចាំកាន់តែច្បាស់ថា ព្រះទ្រង់បានមានបន្ទូលថា គាត់ជានរណា។ ក្នុងព្រះនេត្ររបស់ព្រះវរបិតា គាត់ជាមនុស្សដែលព្រះអង្គបានស្រឡាញ់ មានរូបកាយស្អាត និងមានអំណោយទាន។ ហើយយើងក៏អញ្ចឹងដែរ។—Sheridan Voysey