ក្នុង​អំឡុង​ពេល​ដែល​អ្នក​ស្រី​យូអាណា ផ្លែនដ័រ(Joanna Flanders) បង្រៀន​ព្រះ​បន្ទូល​ដល់​អ្នក​ទោស ក្នុង​មន្ទីរឃុំ​ឃាំង​ដែល​មាន​អំពើ​ហឹង្សា​ខ្លាំង​បំផុត នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង គាត់​ក៏​បាន​ឃើញ​អំណាច​ចេស្តា​របស់​ព្រះគ្រីស្ទ​កែ​ប្រែ​ចិត្ត​របស់​មនុស្ស​ជា​ច្រើន។ អ្នក​ស្រី​យូអាណា បាន​ចាប់​ផ្តើម​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស​ជា​រៀង​រាល់​ថ្ងៃ។ គាត់​បាន​ឲ្យ​ពួក​គេ​ចែក​ចាយ អំពី​បទ​ពិសោធន៍​របស់​ពួក​គេ​កាល​ពី​ក្មេង ដែល​ត្រូវ​គេ​ធ្វើ​បាប ហើយ​គាត់​ក៏​បានបង្ហាញ​ពួក​គេ នូវ​វិ​ធី​ដោះ​ស្រាយ​បញ្ហា​ជម្លោះ។ នៅ​ឆ្នាំ​ដែល​គាត់​ចាប់​ផ្តើម​ការ​សួរ​សុខ​ទុក្ខ​នេះ អំពើ​ហឹង្សា​បាន​កើតឡើង​មក​លើ​អ្នក​ទោស និង​អ្នក​យាម តែ២​ករណី​ប៉ុណ្ណោះ គឺ​ខុស​ពី​ឆ្នាំ​មុន ដែល​មាន​ដល់​ទៅ​២៧៩​ករណី។​

សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្តី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ”(២កូរិនថូស ៥:១៧)។ យើង​មិន​តែង​តែបាន​ឃើញ​ការ​ផ្លាស់​ប្រែ​កើត​មាន​ជា​ញឹក​ញាប់ ដូច​ដែល​អ្នក​ស្រី​យ៉ូអាណា​បាន​ឃើញ ក្នុង​ពន្ធ​ធនាគារ​នោះ​ឡើយ ប៉ុន្តែ យើង​ត្រូវ​ដឹង​ថា អំណាច​នៃ​ដំណឹង​ល្អ​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ហើយ​នាំ​មក​នូវ​ក្តី​សង្ឃឹម តាម​របៀប​ដ៏​អស្ចារ្យ​បំផុត ក្នុង​ចក្រ​វាល។ និយាយ​រួម ​គឺ​នាំ​មក​នូវ​ជីវិត​ថ្មី។ ការ​សុគត​របស់​ព្រះ​យេស៊ូវ បាន​បើក​ផ្លូវ​ឲ្យ​យើង​ធ្វើ​ដំណើរ ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ គឺ​ជា​ការ​ធ្វើ​ដំណើរ ដែល​នឹង​បញ្ចប់ ពេល​ដែល​យើង​បាន​ជួបព្រះ​អង្គ មុខ​ទល់​នឹង​មុខ​(មើល ១យ៉ូហាន ៣:១-៣)។

ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​អប​អរ​សាទរ ចំពោះ​ជីវិត​យើង ដែល​បាន​កើត​ជា​ថ្មី។ ប៉ុន្តែ យើង​មិន​ត្រូវភ្លេច​ការ​លះ​បង់​របស់​ព្រះ​គ្រីស្ទ​ឡើយ។ ការ​សុគត​របស់​ព្រះ​អង្គ បាន​នាំ​ឲ្យ​យើង​មាន​ជីវិត​ថ្មី។ គឺ​ដូច​មាន​សេចក្តីចែង​ថា “ដ្បិត​ឯ​ព្រះអង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះអង្គ​នោះ​ឯង”(២កូរិនថូស ៥:២១)។—Bill Crowder