មានយុវជនជាង១លាននាក់ បានចូលរួម នៅក្នុងការប្រកួតសរសេរសំបុត្រអន្តរជាតិ រៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១៨ គេបានឲ្យបេកជនទាំងអស់សរសេរសំបុត្រ ដោយស្រមៃថា បើសិនពួកគេជាសំបុត្រមួយច្បាប់ ដែលកំពុងតែធ្វើដំណើរឆ្លងកាត់ពេលវេលាពីសម័យមួយ ទៅសម័យមួយទៀត តើពួកគេនឹងសរសេរសារអ្វី នៅក្នុងសំបុត្រនោះ ទៅកាន់អ្នកអានរបស់ខ្លួន?
ក្នុងព្រះគម្ពីរប៊ីប មានកណ្ឌគម្ពីរសំបុត្រជាច្រើន ដែលបានឆ្លងកាត់សម័យកាលជាច្រើន ទំរាំតែបានមកដល់យើង ព្រោះកណ្ឌគម្ពីរទាំងនោះត្រូវបានសរសេរឡើង តាមការបណ្តាលចិត្ត និងការដឹកនាំ ពីព្រះវិញ្ញាណបរិសុទ្ធ។ ខណៈពេលដែលពួកជំនុំរបស់ព្រះគ្រីស្ទ មានការរីកលូតលាស់ ពួកសាវ័ករបស់ព្រះអង្គ ក៏បានសរសេរសំបុត្រទាំងនោះ ផ្ញើទៅពួកជំនុំប្រចាំតំបន់ នៅក្នុងទ្វីបអឺរ៉ុប និងតំបន់អាស៊ីមីន័រ ដើម្បីជួយពួកគេឲ្យយល់ អំពីរបៀបរស់នៅក្នុងជីវិតថ្មីក្នុងព្រះគ្រីស្ទ ហើយក្នុងចំណោមសំបុត្រទាំងនោះ មានសំបុត្រជាច្រើនត្រូវបានគេប្រមូលផ្តុំ ធ្វើជាកណ្ឌគម្ពីរសំបុត្រ ក្នុងព្រះគម្ពីរប៊ីប សម្រាប់ឲ្យយើងអាន រហូតមកដល់ពេលសព្វថ្ងៃ។
តើអ្នកនិពន្ធសំបុត្រទាំងនោះ ចង់និយាយអ្វីខ្លះ ទៅកាន់អ្នកអានសំបុត្ររបស់ខ្លួន? ត្រង់ចំណុចនេះ តាមសំបុត្រទីមួយរបស់លោកយ៉ូហាន គាត់បានលើកឡើងអំពី “សេចក្តីដែលមានតាំងពីដើមមក ដែលគាត់បានឮ ហើយភ្នែកបានឃើញ ក៏បានមើល ហើយដៃបានប៉ះពាល់ ខាងឯព្រះបន្ទូលនៃជីវិត”។ បានសេចក្តីថា គាត់បានសរសេរ អំពីបទពិសោធន៍ដែលគាត់មានជាមួយព្រះគ្រីស្ទ ដែលមានព្រះជន្មរស់(១យ៉ូហាន ១:១)។ គាត់សរសេរ ដើម្បីឲ្យអ្នកអានសំបុត្រគាត់ អាចប្រកបគ្នា និងប្រកបជាមួយព្រះវរបិតា ហើយនិងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់”(ខ.៣)។ គាត់ថា ពេលណាយើងមានការប្រកបគ្នា នោះក្តីអំណរយើងនឹងបានពោរពេញឡើង។
កណ្ឌគម្ពីរសំបុត្រ ក្នុងព្រះគម្ពីរប៊ីប បាននាំអ្នកជឿ នៅគ្រប់សម័យកាល ចូលទៅក្នុងការប្រកបគ្នា និងប្រកបជាមួយព្រះដ៏អស់កល្ប។—Amy Peterson