កាលពីខែឧសភា ឆ្នាំ១៩៧០ អត្ថបទសារពត៌មានមួយបានប្រើសំនួនវោហារមួយឃ្លា ជាលើកទីមួយ សំដៅទៅលើភាពមិនច្បាស់លាស់ ដែលទាក់ទងនឹងការប្រណាំងឡានរបស់លោកស្ទីវ គ្រីស៊ីឡូហ្វ(Steve Krisiloff)។ កាលនោះ គេបានពិពណ៌នាថា គាត់កំពុងតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដោយសារការបើកបររបស់គាត់ មានល្បឿនយឺត នៅក្នុងទីលានប្រកួតអ៊ីនឌីអាណាប៉ូលីស ៥០០។ ក្រោយមក គេក៏បានបញ្ជាក់ថា ថេរវេលានៃការបើកបររបស់គាត់មានល្បឿនយឺតជាងគេ ក្នុងចំណោមអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួត ប៉ុន្តែ គាត់អាចចូលរួមប្រកួតជាមួយគេបាន។
ពេលខ្លះ យើងប្រហែលជាមានអារម្មណ៍ថា យើងកំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយមិនដឹងថា យើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមនៅក្នុងការប្រកួត ឬអាចបញ្ចប់ការរត់ប្រណាំងនៃជីវិតនោះឡើយ។ ក្នុងនាមយើងជាកូនព្រះ ព្រះយេស៊ូវបានរៀបកន្លែងឲ្យយើង នៅនគរស្ថានសួគ៌ហើយ(យ៉ូហាន ១៤:៣)។ យើងអាចមានទំនុកចិត្តថា យើងនឹងបានទៅនៅកន្លែងនោះ គឺដោយសារព្រះយេស៊ូវ ដែលបានសម្រេចព្រះទ័យធ្វើជា “គ្រឹះ” នៃជីវិតយើង ហើយព្រះអង្គក៏បានជ្រើសរើសយើង ធ្វើជា “ថ្មដ៏រស់” ដែលពេញដោយព្រះវិញ្ញាណនៃព្រះ ដែលអាចធ្វើជារាស្រ្តរបស់ព្រះ តាមបំណងព្រះទ័យទ្រង់(១ពេត្រុស ២:៥-៦)។
ក្នុងព្រះគ្រីស្ទ យើងមិនភ័យខ្លាចចំពោះពេលអនាគតឡើយ ព្រោះយើងមានក្តីសង្ឃឹមក្នុងព្រះអង្គ ហើយដើរតាមព្រះអង្គ(ខ.៦)។ “អ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់”(ខ.៩)។
ក្នុងព្រះនេត្ររបស់ព្រះយេស៊ូវ យើងមិនស្ថិតក្នុងភាពមិនច្បាស់លាស់នោះឡើយ។ យើងមានតម្លៃដ៏វិសេស ហើយព្រះអង្គស្រឡាញ់យើង ជារៀងរហូត(ខ.៤)។—Ruth O’Reilly-Smith