កាល​ពី​ខែ​ឧសភា ឆ្នាំ​១៩៧០ អត្ថ​បទ​សារ​ពត៌មាន​មួយ​បាន​ប្រើ​សំនួន​វោហារ​មួយ​ឃ្លា ជា​លើក​ទី​មួយ សំដៅ​ទៅលើ​ភាព​មិន​ច្បាស់​លាស់ ដែល​ទាក់​ទង​នឹង​ការ​ប្រណាំង​ឡាន​របស់​លោក​ស្ទីវ គ្រីស៊ីឡូហ្វ(Steve Krisiloff)។ កាល​នោះ គេ​បាន​ពិពណ៌នា​ថា​ គាត់​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់ ដោយសារ​ការ​បើក​បរ​របស់​គាត់ មាន​ល្បឿន​យឺត នៅ​ក្នុង​ទី​លាន​ប្រកួត​អ៊ីនឌីអាណាប៉ូលីស ៥០០។ ក្រោយ​មក គេ​ក៏​បាន​បញ្ជាក់​ថា ថេរ​វេលា​នៃការ​បើក​បរ​របស់​គាត់​មាន​ល្បឿន​យឺត​ជាង​គេ ក្នុង​ចំណោម​អ្នក​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ចូល​រួម​ប្រកួត ប៉ុន្តែ គាត់​អាច​ចូល​រួម​ប្រកួត​ជា​មួយ​គេ​បាន។

ពេល​ខ្លះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​កំពុង​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ ដោយ​មិន​ដឹង​ថា យើងមាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត ឬ​អាច​បញ្ចប់​ការ​រត់​ប្រណាំង​នៃ​ជីវិត​នោះ​ឡើយ។ ក្នុងនាម​យើង​ជា​កូន​ព្រះ ព្រះ​យេស៊ូវ​បាន​រៀប​កន្លែង​ឲ្យ​យើង នៅ​នគរ​ស្ថាន​សួគ៌​ហើយ​(យ៉ូហាន ១៤:៣)។ យើង​អាចមាន​ទំនុក​ចិត្ត​ថា យើង​នឹង​បាន​ទៅ​នៅ​កន្លែង​នោះ គឺ​ដោយ​សារ​ព្រះ​យេស៊ូវ ដែល​បាន​សម្រេច​ព្រះ​ទ័យ​ធ្វើ​ជា​ “គ្រឹះ” នៃ​ជីវិត​យើង ហើយ​ព្រះ​អង្គ​ក៏​បាន​ជ្រើស​រើស​យើង ធ្វើ​ជា “ថ្ម​ដ៏​រស់” ដែល​ពេញ​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដែល​អាចធ្វើ​ជា​រាស្រ្ត​របស់​ព្រះ តាម​បំណង​ព្រះ​ទ័យ​ទ្រង់​(១ពេត្រុស ២:៥-៦)។

ក្នុង​ព្រះ​គ្រីស្ទ យើង​មិន​ភ័យ​ខ្លាច​ចំពោះ​ពេល​អនាគត​ឡើយ ព្រោះ​យើង​មាន​ក្តី​សង្ឃឹម​ក្នុង​ព្រះ​អង្គ ហើយ​ដើរ​តាម​ព្រះ​អង្គ​(ខ.៦)។ “​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់”(ខ.៩)។

ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​យេស៊ូវ យើង​មិន​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​នោះ​ឡើយ។ យើង​មាន​តម្លៃ​ដ៏​វិសេស ហើយ​ព្រះ​អង្គ​ស្រឡាញ់​យើង ជា​រៀង​រហូត​(ខ.៤)។—Ruth O’Reilly-Smith