គេបានដាក់ឈ្មោះហៅក្រៅ ឲ្យអ្នកប្រឹក្សាយោបល់ទាំងឡាយ នៅក្នុងកន្លែងបោះជំរុំ ដែលគ្រួសាររបស់ខ្ញុំបានចូលរួម ជារៀងរាល់ឆ្នាំ។ តាមធម្មតា ឈ្មោះហៅក្រៅទាំងនោះ ត្រូវបានមិត្តភក្តិជាអ្នកដាក់ឲ្យគ្នា ដោយផ្អែកទៅលើរឿងដែលគួរឲ្យខ្មាស់អៀន ទម្លាប់ដែលគួរឲ្យអស់សំណើច ឬសកម្មភាពកម្សាន្តដែលគេចូលចិត្ត។
ឈ្មោះហៅក្រៅ គឺមិនគ្រាន់តែសម្រាប់ប្រើនៅក្នុងការបោះជំរុំប៉ុណ្ណោះទេ ប៉ុន្តែ ក៏ឃើញគេប្រើ ក្នុងព្រះគម្ពីរប៊ីបផងដែរ។ ឧទាហរណ៍ ព្រះយេស៊ូវបានហៅសាវ័កយ៉ាកុប និងយ៉ូហានថា “កូនផ្គរលាន់”(ម៉ាកុស ៣:១៧)។ ក្នុងព្រះគម្ពីរ កម្រមាននរណាម្នាក់ដាក់ឈ្មោះហៅក្រៅ ឲ្យខ្លួនឯងណាស់ តែរឿងនេះបានកើតឡើង ពេលដែលស្រ្តីម្នាក់ឈ្មោះណាអូមី បានសុំឲ្យគេហៅគាត់ថា “ម៉ារ៉ា” ដែលមានន័យថា “ភាពល្វីងជូរចត់”(នាងរស់ ១:២០) ដោយសារស្វាមី និងកូនប្រុសទាំងពីររបស់នាងបានស្លាប់ចោលនាងអស់។ នាងមានអារម្មណ៍ថា ព្រះជាម្ចាស់បានធ្វើឲ្យជីវិតនាងមានភាពល្វីងជូរចត់(ខ.២១)។
ទោះជាយ៉ាងណាក៏ដោយ ឈ្មោះដែលណាអូមីដាក់ឲ្យខ្លួនឯង មិនស្ថិតស្ថេរនោះឡើយ ព្រោះគាត់មិនជួបការបាត់បង់ដ៏សោកសៅជារៀងរហូតឡើយ។ ក្នុងពេលដែលនាងកាន់ទុក្ខ ព្រះជាម្ចាស់ក៏បានប្រទានពរនាង តាមរយៈនាងរស់ ដែលជាកូនប្រសារស្រីរបស់នាង ដែលបានរៀបការ ហើយបង្កើតបានកូនប្រុសម្នាក់។ ដូចនេះ នាងណាអូមីក៏មានគ្រួសារថ្មីមួយ។
ជួនកាល យើងប្រហែលជាចង់ដាក់ឈ្មោះហៅក្រៅឲ្យខ្លួនឯងថា “មនុស្សបរាជ័យ” ឬ “មនុស្សគ្មានគេស្រឡាញ់” ដោយផ្អែកទៅលើទុក្ខលំបាក ដែលយើងបានជួបប្រទះ ឬកំហុសដែលយើងបានធ្វើ ប៉ុន្តែ យើងនឹងមិនជួបទុក្ខលំបាកជារៀងរហូតឡើយ។ យើងអាចហៅខ្លួនយើងថា “ស្ងួនភ្ញា” ជាឈ្មោះដែលព្រះទ្រង់បានប្រទានយើង(រ៉ូម ៩:២៥) ហើយសូមឲ្យព្រះអង្គ បំពេញសេចក្តីត្រូវការរបស់យើង ក្នុងពេលដែលពិបាកបំផុត។—Lisa M. Samra