នៅក្នុងទីក្រុង ភីឡាដេលភា ពេលដែលគេកាប់ឆ្កាស្មៅ និងរុក្ខជាតិតូចៗដែលគ្មានប្រយោជន៍ នៅតាមទីលានមួយចំនួន ហើយបានដាំផ្កា និងដើមឈើដ៏ស្រស់ស្អាត ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ក៏មានសុខភាពផ្លូវចិត្តល្អប្រសើរជាងមុន។ រឿងដូចនេះ ក៏បានកើតឡើង ចំពោះអ្នកដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុផងដែរ។
បណ្ឌិតយូជីនា សោស(Eugenia South) បានធ្វើការនិពន្ធ និងស្រាវជ្រាវ អំពីប្រធានបទនេះ។ គាត់មានប្រសាសន៍ថា “គេបានរកឃើញភស្តុតាងកាន់តែច្រើន ដែលបញ្ជាក់ថា ទីកន្លែងដែលមានរុក្ខជាតិបៃតងច្រើន អាចមានឥទ្ធិពល មកលើសុខភាពផ្លូវចិត្ត ហើយមានសារៈសំខាន់ជាពិសេស ចំពោះអ្នកដែលរស់នៅ ក្នុងតំបន់ក្រីក្រ”។
ពេលដែលប្រជាជននៃនគរអ៊ីស្រាអែល និងយូដា ស្ថិតក្រោមការគៀបសង្កត់ ពួកគេបានរកឃើញក្តីសង្ឃឹមជាថ្មី ក្នុងការបើកសម្តែង តាមរយៈហោរាអេសាយ។ ហោរាអេសាយបានថ្លែងទំនាយ អំពីសេចក្តីហិនវិនាស និងការជំនុំជម្រះ ដែលពួកគេនឹងទទួល ប៉ុន្តែ គាត់ក៏បានថ្លែងទំនាយផងដែរថា “ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្តីអំណរ ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប គឺនឹងផ្កាឡើងយ៉ាងសន្ធឹក ក៏នឹងរីករាយដោយសេចក្តីអំណរ”(អេសាយ ៣៥:១-២)។
ទោះយើងកំពុងតែស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ នៅថ្ងៃនេះ យើងក៏អាចអរសប្បាយ ចំពោះការស្អាងឡើងវិញ ដែលព្រះវរបិតាគង់នៅស្ថានសួគ៌ប្រទានមកយើង ដែលនាំឲ្យយើងមានក្តីសង្ឃឹមឡើងវិញ តាមរយៈស្នាព្រះហស្តរបស់ព្រះអង្គផងដែរ។ ពេលណាយើងមានអារម្មណ៍បាក់ទឹកចិត្ត ការមើលទៅសិរីល្អ និងភាពរុងរឿងរបស់ព្រះអង្គ ដែលបានបង្ហាញចេញក្នុងស្នាព្រះហស្តព្រះអង្គ អាចលើកទឹកចិត្តយើង ឲ្យមានសង្ឃឹម និងក្តីអំណរឡើងវិញ។ ព្រះអង្គនឹង “ចំរើនកំឡាំងដៃដែលខ្សោយ ហើយឲ្យក្បាលជង្គង់ដែលញ័របានមាំមួនឡើង”(ខ.៣)។
តើផ្កាតែពីរបីទង អាចជួយឲ្យយើងមានក្តីសង្ឃឹមឡើងវិញឬទេ? ហោរាអេសាយបានប្រាប់យើងថា ព្រះជាម្ចាស់ ពិតជាអាចប្រើផ្កាទាំងនោះ ដើម្បីនាំឲ្យយើងមានក្តីសង្ឃឹមឡើងវិញ។—Patricia Raybon