នៅ​ក្នុង​ទីក្រុង ភីឡាដេលភា ពេល​ដែល​គេ​កាប់​ឆ្កា​ស្មៅ និង​រុក្ខ​ជាតិ​តូច​ៗ​ដែល​គ្មាន​ប្រយោជន៍ នៅ​តាម​ទីលាន​មួយចំនួន ហើយ​បាន​ដាំ​ផ្កា និង​ដើម​ឈើ​ដ៏​ស្រស់​ស្អាត ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ ក៏​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អប្រសើរ​ជាង​មុន។ រឿង​ដូច​នេះ ក៏​បាន​កើត​ឡើង ចំពោះ​អ្នក​ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញ​វត្ថុ​ផង​ដែរ។

បណ្ឌិត​យូជីនា សោស(Eugenia South) បាន​ធ្វើ​ការ​និពន្ធ និង​ស្រាវ​ជ្រាវ អំ​ពី​ប្រធាន​បទ​នេះ។ គាត់​មាន​ប្រសាសន៍​ថា “គេ​បាន​រក​ឃើញ​ភស្តុតាង​កាន់​តែ​ច្រើន ដែល​បញ្ជាក់​ថា ទី​កន្លែង​ដែល​មាន​រុក្ខ​ជាតិ​បៃ​តង​ច្រើន​ អាចមាន​ឥទ្ធិ​ពល មក​លើ​សុខ​ភាព​ផ្លូវ​ចិត្ត ហើយ​មាន​សារៈ​សំខាន់​ជា​ពិសេស ចំពោះ​អ្នក​ដែល​រស់​នៅ​ ក្នុង​តំបន់​ក្រី​ក្រ”។

ពេល​ដែល​ប្រជាជន​នៃ​នគរ​អ៊ីស្រាអែល និង​យូដា ស្ថិត​ក្រោម​ការ​គៀប​សង្កត់ ពួក​គេ​បាន​រក​ឃើញ​ក្តី​សង្ឃឹម​ជា​ថ្មី ក្នុង​ការ​បើក​សម្តែង តាម​រយៈ​ហោរា​អេសាយ។ ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ​ អំពី​សេចក្តី​ហិន​វិនាស និង​កា​រជំនុំជម្រះ ដែល​ពួក​គេ​នឹង​ទទួល ប៉ុន្តែ គាត់​ក៏​បាន​ថ្លែង​ទំនាយ​ផង​ដែរថា “ទី​រហោស្ថាន ហើយ​ទី​ហួតហែង នឹង​មាន​សេចក្តី​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីករាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុលាប គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីករាយ​ដោយ​សេចក្តី​អំណរ”(អេសាយ ៣៥:១-២)។

ទោះ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ នៅ​ថ្ងៃ​នេះ យើង​ក៏​អាច​អរ​សប្បាយ​ ចំពោះ​ការ​ស្អាង​ឡើងវិញ ដែល​ព្រះ​វរបិតា​គង់​នៅ​ស្ថាន​សួគ៌​ប្រទាន​មក​យើង ដែល​នាំ​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ តាម​រយៈ​ស្នាព្រះ​ហស្ត​របស់​ព្រះ​អង្គ​ផង​ដែរ។ ពេល​ណា​យើង​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ការ​មើល​ទៅ​សិរីល្អ និង​ភាព​រុង​រឿងរបស់​ព្រះ​អង្គ ដែល​បាន​បង្ហាញ​ចេញ​ក្នុង​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ អាច​លើក​ទឹក​ចិត្ត​យើង ​ឲ្យ​មាន​សង្ឃឹម​ និង​ក្តី​អំណរឡើង​វិញ។  ព្រះ​អង្គ​នឹង “​ចំរើន​កំឡាំង​ដៃ​ដែល​ខ្សោយ ហើយ​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំមួន​ឡើង”(ខ.៣)។

តើ​ផ្កា​តែ​ពីរ​បី​ទង អាច​ជួយ​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ​ឬ​ទេ? ហោរា​អេសាយ​បាន​ប្រាប់​យើង​ថា​ ព្រះ​ជា​ម្ចាស់ ពិត​ជា​អាច​ប្រើ​ផ្កា​ទាំង​នោះ ដើម្បី​នាំ​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម​ឡើង​វិញ។—Patricia Raybon