អ្នកស្រីណូរ៉ា(Nora) មានមាឌតូចល្អិត ប៉ុន្តែ ពេលដែលអ្នកស្រីប្រ៊ីហ្គែត(Bridget) ដែលជាមនុស្សកាច មានកម្ពស់១ម៉ែត្រ៨០ បានសម្លក់គាត់ដោយកំហឹង គាត់មិនមានការភ័យខ្លាចឡើយ។ អ្នកស្រីប្រ៊ីហ្គេតមិនអាចប្រាប់ អំពីមូលហេតុដែលគាត់មកមន្ទីរសម្ភពនោះទេ តែគាត់បានតាំងចិត្តហើយថា គាត់នឹងរំលូតកូន នៅថ្ងៃនោះ។ ដូចនេះ អ្នកស្រីណូរ៉ាក៏បាននិយាយយ៉ាងស្រទន់ ដើម្បីសាកសួរគាត់ ប៉ុន្តែ អ្នកស្រីប្រ៊ីហ្គេតបានឆ្លើយតបវិញ ដោយពាក្យសម្តីទ្រគោះបោះបោក។ មិនយូរប៉ុន្មាន អ្នកស្រីប្រ៊ីហ្គេតក៏បានក្រោកឈរ ដើម្បីចាកចេញ ដោយប្រកាស់ថា គាត់នឹងរំលូតកូន ទោះគេបានលើកទឹកចិត្តគាត់យ៉ាងណាក៏ដោយ។
ពេលដែលអ្នកស្រីណូរ៉ាកំពុងតែឈរនៅមាត់ទ្វារ អ្នកស្រីប្រ៊ីហ្គេតក៏បានបញ្រ្ចៀតខ្លួនចេញតាមទ្វារនោះ ហើយអ្នកស្រីណូរ៉ាក៏បានសួរគាត់ថា “មុនពេលអ្នកចេញទៅ តើខ្ញុំអាចឱបអ្នក ហើយអធិស្ឋានឲ្យអ្នកបានទេ?” តាំងពីមុនមក គ្មាននរណាធ្លាប់ឱបគាត់ ដោយបំណងល្អទេ។ ភ្លាមៗនោះ ទឹកភ្នែករបស់គាត់ក៏បានស្រក់ចុះមក ដោយមិនដឹងខ្លួន។
ត្រង់ចំណុចនេះ អ្នកស្រីណូរ៉ាបានឆ្លុះបញ្ចាំង ឲ្យគេស្គាល់ព្រះទ័យរបស់ព្រះនៃយើង ដែលស្រឡាញ់ពួកអ៊ីស្រាអែល ដែលជារាស្ត្រព្រះអង្គ ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ(យេរេមា ៣១:៣)។ ពួកគេបានដួលចុះ ដោយសារផលវិបាកនៃការមិនស្តាប់បង្គាប់ព្រះអង្គម្តងហើយម្តងទៀត។ តែព្រះជាម្ចាស់បានប្រាប់ពួកគេថា ព្រះអង្គបានទាញនាំពួកគេត្រឡប់មកវិញ ដោយសេចក្តីសប្បុរសដ៏ស្ថិតស្ថេរ ហើយព្រះអង្គនឹងស្អាងពួកគេឡើងវិញ(ខ.៣-៤)។
ប្រវត្តិរបស់អ្នកស្រីប្រ៊ីហ្គេត មានភាពស្មុគ្រស្មាញណាស់ តែមានមនុស្សជាច្រើនបានជួបការពិបាកដូចគាត់ផងដែរ។ មុនពេលគាត់បានស្គាល់សេចក្តីស្រឡាញ់ដ៏ពិតនៅថ្ងៃនោះ គាត់ជឿថា ព្រះ និងអ្នកដើរតាមទ្រង់សុទ្ធតែថ្កោលទោសគាត់។ ប៉ុន្តែ ថ្ងៃនោះ អ្នកស្រីណូរ៉ាបានធ្វើឲ្យគាត់ដឹងថា ព្រះជាម្ចាស់ស្រឡាញ់គាត់ លើសពីការរំពឹងគិតរបស់គាត់។ ព្រះអង្គចំហរព្រះហស្តទទួលស្វាគមន៍យើងជានិច្ច។ យើងមិនចាំបាច់ត្រូវបន្តរត់គេចទៀតឡើយ។—Tim Gustafson