អ្នក​ស្រី​ណូរ៉ា(Nora) មាន​មាឌ​តូច​ល្អិត ប៉ុន្តែ ពេល​ដែល​អ្នក​ស្រី​ប្រ៊ីហ្គែត(Bridget) ដែល​ជា​មនុស្ស​កាច មានកម្ពស់​១​ម៉ែត្រ​៨០ បាន​សម្លក់​គាត់​ដោយ​កំហឹង គាត់​មិន​មាន​ការ​ភ័យ​ខ្លាច​ឡើយ។ អ្នក​ស្រី​ប្រ៊ីហ្គេត​មិន​អាច​ប្រាប់ អំពី​មូល​ហេតុ​ដែល​គាត់​មក​មន្ទីរ​សម្ភព​នោះ​ទេ តែ​គាត់​បាន​តាំង​ចិត្ត​ហើយ​ថា គាត់​នឹង​រំលូត​កូន នៅ​ថ្ងៃ​នោះ។ ដូចនេះ​ អ្នក​ស្រី​ណូរ៉ាក៏​បាន​និយាយ​យ៉ាង​ស្រទន់ ដើម្បី​សាក​សួរ​គាត់ ប៉ុន្តែ អ្នក​ស្រី​ប្រ៊ីហ្គេត​បាន​ឆ្លើយ​តប​វិញ ដោយពាក្យ​សម្តី​ទ្រ​គោះ​បោះ​បោក។ មិន​យូរ​ប៉ុន្មាន អ្នក​ស្រី​ប្រ៊ីហ្គេត​ក៏​បាន​ក្រោក​ឈរ ដើម្បី​ចាក​ចេញ ដោយ​ប្រកាស់​ថា គាត់​នឹង​រំលូត​កូន ទោះ​គេ​បាន​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ណា​ក៏​ដោយ។​

ពេល​ដែល​អ្នក​ស្រី​ណូរ៉ា​កំពុង​តែ​ឈរ​នៅ​មាត់​ទ្វារ អ្នកស្រី​ប្រ៊ីហ្គេត​ក៏​បាន​បញ្រ្ចៀត​ខ្លួន​ចេញ​តាម​ទ្វារ​នោះ ហើយ​អ្នកស្រីណូរ៉ា​ក៏​បាន​សួរ​គាត់​ថា “មុន​ពេល​អ្នក​ចេញ​ទៅ តើ​ខ្ញុំ​អាច​ឱប​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​បាន​ទេ?” តាំង​ពីមុន​មក គ្មាន​នរណា​ធ្លាប់​ឱប​គាត់ ដោយ​បំណង​ល្អ​ទេ។ ភ្លាម​ៗ​នោះ ទឹក​ភ្នែក​របស់​គាត់​ក៏​បាន​ស្រក់​ចុះ​មក ដោយ​មិន​ដឹង​ខ្លួន។​

ត្រង់​ចំណុច​នេះ អ្នក​ស្រី​ណូរ៉ា​បាន​ឆ្លុះ​បញ្ចាំង ឲ្យ​គេ​ស្គាល់​ព្រះ​ទ័យ​របស់​ព្រះ​នៃ​យើង ដែល​ស្រឡាញ់​ពួក​អ៊ីស្រាអែល​ ដែល​ជា​រាស្ត្រ​ព្រះ​អង្គ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​(យេរេមា ៣១:៣)។ ពួក​គេ​បាន​ដួល​ចុះ ដោយ​សារ​ផល​វិបាក​នៃ​ការ​មិន​ស្តាប់​បង្គាប់​ព្រះ​អង្គ​ម្តង​ហើយ​ម្តង​ទៀត។ តែ​ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​ពួក​គេ​ថា ព្រះ​អង្គ​បានទាញ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដោយ​សេចក្តី​សប្បុរស​ដ៏​ស្ថិត​ស្ថេរ ហើយ​ព្រះ​អង្គ​នឹង​ស្អាង​ពួក​គេ​ឡើង​វិញ(ខ.៣-៤)។

ប្រវត្តិ​របស់​អ្នក​ស្រី​ប្រ៊ីហ្គេត មាន​ភាព​ស្មុគ្រ​ស្មាញ​ណាស់ តែ​មាន​មនុស្ស​ជា​ច្រើន​បាន​ជួប​ការ​ពិបាក​ដូច​គាត់​ផង​ដែរ​។ មុន​ពេល​គាត់​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​ដ៏​ពិត​នៅ​ថ្ងៃ​នោះ គាត់​ជឿ​ថា ព្រះ ​និង​អ្នក​ដើរ​តាម​ទ្រង់សុទ្ធ​តែ​ថ្កោលទោស​គាត់។ ប៉ុន្តែ ថ្ងៃ​នោះ អ្នក​ស្រី​ណូរ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ដឹង​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​គាត់ លើស​ពី​ការ​រំពឹង​គិតរបស់​គាត់។ ​ព្រះ​អង្គ​ចំហរ​ព្រះហស្ត​ទទួលស្វាគមន៍​យើង​ជា​និច្ច។ យើង​មិន​ចាំ​បាច់​ត្រូវ​បន្ត​រត់​គេច​ទៀត​ឡើយ។​—Tim Gustafson