មានពេលមួយ ចៅប្រុសរបស់ខ្ញុំបានរត់ទៅរករថភ្លើងវិល ហើយក៏បានទៅឈរផ្អែក នៅលើជញ្ជាំងវាស់កម្ពស់ ដើម្បីឲ្យដឹងថា គាត់មានមាឌធំល្មមនឹងអាចជិះរថភ្លើងវិលនោះបានឬអត់។ គាត់ក៏បានស្រែកហ៊ោឡើង ដោយអំណរ ពេលដែលក្បាលរបស់គាត់ខ្ពស់ជាងគំនូរកំណត់កម្ពស់។
ក្នុងជីវិតយើង ជាញឹកញាប់ យើងត្រូវមានវ័យធំល្មម ដើម្បីធ្វើកិច្ចការនេះ ឬកិច្ចការនោះ តើមែនទេ? ឧទាហរណ៍ ក្មេងត្រូវមានអាយុធំល្មម ដើម្បីអាចអង្គុយកៅអីខាងមុខ នៅក្នុងរថយន្ត។ យើងត្រូវមានវ័យធំល្មម ដើម្បីប្រឡងយកប័ណ្ណបើកបរ ដើម្បីបោះឆ្នោត ដើម្បីរៀបការ ។ល។ យើងមិនចង់នៅក្មេងរហូតទេ គឺមិនខុសពីចៅប្រុសរបស់ខ្ញុំឡើយ។
នៅសម័យសញ្ញាចាស់ គេស្រឡាញ់ក្មេងៗ ប៉ុន្តែ គេមិនបានឲ្យតម្លៃពួកគេ ដូចមនុស្សធំឡើយ ទាល់តែពួកគេ “ពេញវ័យ” និងអាចរកប្រាក់ចំណូលចូលក្នុងផ្ទះ ហើយចូលទៅក្នុងសាលាប្រជុំ ដោយឯកសិទ្ធិរបស់មនុស្សពេញវ័យ។ ព្រះយេស៊ូវបានប្រឆំាងនឹងទំនៀមទម្លាប់នៅសម័យនោះ ដោយទទួលស្វាគមន៍អ្នកក្រីក្រ អ្នកជំងឺ និងក្មេងៗផងដែរ។ កណ្ឌគម្ពីរដំណឹងល្អបីកណ្ឌ(ម៉ាថាយ ម៉ាកុស និងលូកា) បានចែងអំពីឪពុកម្តាយ ដែលនាំកូនតូចៗ ចូលមកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្ត អធិស្ឋានឲ្យ(ម៉ាថាយ ១៩:១៣ ម៉ាកុស ១០:១៦)។
កាលនោះ ពួកសាវ័កបានស្តីបន្ទោសឲ្យមនុស្សធំ ព្រោះពួកគេគិតថា ការធ្វើដូចនេះហាក់ដូចជារំខាន។ ត្រង់ចំណុចនេះ ព្រះយេស៊ូវ “គ្នាន់ក្នុងព្រះទ័យ”(ម៉ាកុស ១០:១៤) ហើយក៏បានបើកព្រះហស្តទទួលស្វាគមន៍ក្មេងតូចៗទាំងនោះ។ ទ្រង់បានលើកតម្លៃរបស់ពួកគេ ក្នុងនគរព្រះអង្គ ហើយបានជំរុញមនុស្សទាំងអស់ ឲ្យមានជំនឿដូចក្មេងៗ ព្រោះដើម្បីឲ្យអាចស្គាល់ព្រះអង្គ ពួកគេត្រូវទទួលស្គាល់ភាពកម្សោយរបស់ខ្លួន និងទទួលស្គាល់ថា ខ្លួនត្រូវការព្រះអង្គ(លូកា ១៨:១៧)។ ទាល់តែយើងទទួលស្គាល់ថា យើងត្រូវការព្រះអង្គ ដូចក្មេងៗ ទើបយើង អាច“ធំ”ល្មមនឹងទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គ។—Elisa Morgan