អ្នក​ស្រី​ដូនេឡាន(Donelan) គឺ​ជា​គ្រូ​បង្រៀន ដែល​ចូល​ចិត្ត​ការ​អាន​សៀវភៅ ប៉ុន្តែ ថ្ងៃ​មួយ ទម្លាប់​ការ​អាន​នេះ​ក៏បាន​នាំ​ឲ្យ​គាត់​ទទួល​រង្វាន់។ គាត់​កំពុង​តែ​រៀប​គម្រោង​ធ្វើ​ដំណើរ ហើយ​ក៏​បាន​អាន​គោល​ការណ៍​ធានា​រាប់​រង សម្រាប់​ការ​ធ្វើ​ដំណើរ ដែល​មាន​ជា​ច្រើន​ទំព័រ។ ពេល​គាត់​អាន​ដល់​ទំព័រ​ទី​៧  គាត់​ក៏​បាន​រក​ឃើញ​ការ​ផ្តល់​រង្វាន់​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ។ ក្រុម​ហ៊ុន​នេះ​មាន​កម្ម​វិធី​ឲ្យ​រង្វាន់ នៅ​ក្នុង​ការ​ប្រកួត​អាន ដែល​ក្នុង​នោះ ​មនុស្ស​ទី​មួយ ដែលបាន​អាន​ដល់​ទំព័រ​នេះ នឹង​បាន​ទទួល​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លា។ ពួក​គេ​ក៏​បាន​ឧបត្ថម្ភ​ប្រាក់​រាប់​ពាន់​ដុល្លា ដល់សាលា​រៀន ក្នុង​តំបន់​ដែល​អ្នក​ស្រី​ដូនេឡាន​រស់​នៅ ដើម្បី​លើក​កម្ពស់​ការ​រៀន​អាន និង​​សរសេរ​របស់​កុមារ។ គាត់ក៏​បាន​និយាយ​ថា “ខ្ញុំ​ជា​មនុស្ស​មនុស្ស​ចម្លែក ដែល​តែង​តែ​ចូល​ចិត្ត​អាន​កិច្ច​សន្យា​វែង​ៗ ប៉ុន្តែ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​បំផុត”។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ចង់​ឲ្យ​ភ្នែក​របស់​ខ្លួន​បាន​ឃើញ “សេចក្តី​ដ៏​អស្ចារ្យ” ដែល​បាន​ចែង​អំពី​ព្រះ​(ទំនុកដំកើង ១១៩:១៨)។ គាត់​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​មនុស្ស​ស្គាល់​ព្រះ​អង្គ​ផង​ដែរ ហើយ​ព្រះ​អង្គក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​គេ​រាល់​គ្នា​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​(ខ.២៤,៩៨)។ គាត់​ក៏​បាន​សរសេរ​ថា “ឱ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូលបង្គំ​រំពឹង​គិត​ពី​ក្រឹត្យវិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ”(ខ.៩៧)។

យើង​ក៏​បាន​មាន​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ចំណាយ​ពេល​ជញ្ជឹង​គិត អំពី​ព្រះ​ អំពី​ចរិយា​សម្បត្តិ និង​ការ​ផ្គត់​ផ្គង់​របស់​ព្រះអង្គ ដើម្បី​រៀន​អំពី​ព្រះ​អង្គ និង​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះអង្គ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​ ដឹក​នាំយើង ហើយ​បើក​ចំហរ​ចិត្ត​យើង ឲ្យ​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។ ពេល​ណា​យើង​ស្វែង​រក​ព្រះ​អង្គ ព្រះ​អង្គ​នឹង​ប្រទាន​រង្វាន់​មក​យើង ដោយ​ឲ្យ​យើង​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់ ហើយ​បាន​អរ​សប្បាយ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ!—Anne Cetas