អ្នកស្រីដូនេឡាន(Donelan) គឺជាគ្រូបង្រៀន ដែលចូលចិត្តការអានសៀវភៅ ប៉ុន្តែ ថ្ងៃមួយ ទម្លាប់ការអាននេះក៏បាននាំឲ្យគាត់ទទួលរង្វាន់។ គាត់កំពុងតែរៀបគម្រោងធ្វើដំណើរ ហើយក៏បានអានគោលការណ៍ធានារាប់រង សម្រាប់ការធ្វើដំណើរ ដែលមានជាច្រើនទំព័រ។ ពេលគាត់អានដល់ទំព័រទី៧ គាត់ក៏បានរកឃើញការផ្តល់រង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ ក្រុមហ៊ុននេះមានកម្មវិធីឲ្យរង្វាន់ នៅក្នុងការប្រកួតអាន ដែលក្នុងនោះ មនុស្សទីមួយ ដែលបានអានដល់ទំព័រនេះ នឹងបានទទួលប្រាក់រង្វាន់១ម៉ឺនដុល្លា។ ពួកគេក៏បានឧបត្ថម្ភប្រាក់រាប់ពាន់ដុល្លា ដល់សាលារៀន ក្នុងតំបន់ដែលអ្នកស្រីដូនេឡានរស់នៅ ដើម្បីលើកកម្ពស់ការរៀនអាន និងសរសេររបស់កុមារ។ គាត់ក៏បាននិយាយថា “ខ្ញុំជាមនុស្សមនុស្សចម្លែក ដែលតែងតែចូលចិត្តអានកិច្ចសន្យាវែងៗ ប៉ុន្តែ បានធ្វើឲ្យគេភ្ញាក់ផ្អើលបំផុត”។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើងចង់ឲ្យភ្នែករបស់ខ្លួនបានឃើញ “សេចក្តីដ៏អស្ចារ្យ” ដែលបានចែងអំពីព្រះ(ទំនុកដំកើង ១១៩:១៨)។ គាត់ក៏ត្រូវដឹងផងដែរថា ព្រះទ្រង់ក៏សព្វព្រះទ័យឲ្យមនុស្សស្គាល់ព្រះអង្គផងដែរ ហើយព្រះអង្គក៏សព្វព្រះទ័យឲ្យគេរាល់គ្នាមានការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ(ខ.២៤,៩៨)។ គាត់ក៏បានសរសេរថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ”(ខ.៩៧)។
យើងក៏បានមានឯកសិទ្ធិ នៅក្នុងការចំណាយពេលជញ្ជឹងគិត អំពីព្រះ អំពីចរិយាសម្បត្តិ និងការផ្គត់ផ្គង់របស់ព្រះអង្គ ដើម្បីរៀនអំពីព្រះអង្គ និងប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។ ព្រះទ្រង់សព្វព្រះទ័យនឹងបង្រៀន ដឹកនាំយើង ហើយបើកចំហរចិត្តយើង ឲ្យដឹងថា ព្រះអង្គជានរណា។ ពេលណាយើងស្វែងរកព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់មកយើង ដោយឲ្យយើងស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយបានអរសប្បាយក្នុងព្រះវត្តមានព្រះអង្គ!—Anne Cetas