នៅ​ក្នុង​ថ្នាក់​រៀន​បើក​បរ​រថ​យន្ត មាន​មេ​រៀន​ដ៏​ជាក់​លាក់​ជា​ច្រើន​ ដែល​ខ្ញុំ​មិន​បាន​ចាំ​អស់។ ប៉ុន្តែ ខ្ញុំ​រៀន​សូត្រ តាម​អក្សរ​កាត់មួយ ដែល​បាន​ដាក់​ជាប់​នៅ​ក្នុង​ខួរ​ក្បាលខ្ញុំ។

អក្សរ​កាត់​នោះ គឺ​ចេញ​មក​ពី​ពាក្យ ពិនិត្យ​មើល សម្គាល់ ព្យាករណ៍ សម្រេច​ចិត្ត និង​អនុវត្ត។ ពាក្យ​នីមួយ​ៗ​គឺ​ជា​ដំណាក់​កាល​នៃ​ការ​បើក​បរ ដែល​គេ​បាន​បង្រៀន​យើង ឲ្យ​អនុវត្ត​ជា​ប្រចំា ពេល​យើង​បើក​បរ​រថ​យន្ត។ បាន​សេចក្តីថា យើង​ត្រូវ​តែពិនិត្យ​មើល ផ្លូវ​ថ្នល់​ឲ្យ​បាន​ច្បាស់។​ យើង​ត្រូវសម្គាល់ ឧប​ស័គ្គ។ យើង​ត្រូវ ព្យាករណ៍ អំពី​រឿង​ដែលអាច​បណ្តាល​មក​ពី​ឧបស័គ្គ​នោះ។ យើងត្រូវ សម្រេចចិត្ត ថា យើង​នឹង​ឆ្លើយ​តប​ដូច​ម្តេច ចំពោះ​ឧបស័គ្គ​នោះ ហើយ​បន្ទាប់​មក បើ​សិន​ជា​ចាំ​បាច់ យើង ត្រូវអនុវត្ត តាម​ការ​សម្រេច​ចិត្ត​នោះ។​ នេះ​ជា​យុទ្ធ​សាស្រ្ត ដែល​ជួយ​ឲ្យ​យើងតាំង​ចិត្ត ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់។​

ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​រៀន​បើក​បរ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៥​ សាវ័កប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ​ថា “ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ”(ខ.១៥)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​ដឹង​ថា មានឧបស័គ្គ​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ ដើរ​ខុស​ផ្លូវ ទៅ​តាម​ផ្លូវ​ជីវិត​ចាស់ ក្នុង​ជីវិត​ថ្មី​ក្នុង​ព្រះយេស៊ូវ​(ខ.៨,១០-១១)។ ដូច​នេះ គាត់​ក៏​បាន​ណែនាំ​ពួក​ជំនុំ​ដែល​កំពុង​លូត​លាស់​នេះ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។​

នៅ​ក្នុង​ការ​ដើរ​នោះ យើង​ត្រូវ​មាន​ការ​ពិនិត្យ​មើល ដោយ​កត់​សម្គាល់​ឧប​ស័គ្គ​នៅ​ខាង​មុខ​ ហើយ​ជៀស​វាង​ការ​ជំពប់​ដួល ដែល​មាន​ដូច​ជា​ការ​ស្រវឹង​ស្រា និង​រស់​នៅ​តាម​ចិត្ត​ឯង​(ខ.១៨)។ ផ្ទុយ​ទៅ​វិញ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង​អាច​ព្យាយាម​រៀន​ឲ្យ​ស្គាល់​បំណង​ព្រះ​ទ័យ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ជីវិត​យើង​(ខ.១៧) ហើយ​ទន្ទឹម​នឹង​នោះ​ យើង​អាច​ច្រៀង និង​អរ​ព្រះ​គុណ​ព្រះ​អង្គ ជា​មួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង​(ខ.១៩-២០)។

ទោះ​យើង​ជួប​ឧប​ស័គ្គ​អ្វី​ក៏​ដោយ ហើយ​សូម្បី​តែ​នៅ​ពេល​ដែល​យើង​ជំពប់​ដួល យើង​អាច​ពិសោធ​នឹង​ជីវិត​ថ្មី ក្នុង​ព្រះ​គ្រីស្ទ ខណៈ​ពេល​ដែល​យើង​លូត​លាស់ ដោយ​ការ​ពឹង​ផ្អែក​ទៅ​លើ​អំណាច និង​ព្រះ​គុណ​ដែល​គ្មាន​ព្រំ​ដែន​របស់​ទ្រង់។ —Adam Holz