នៅក្នុងថ្នាក់រៀនបើកបររថយន្ត មានមេរៀនដ៏ជាក់លាក់ជាច្រើន ដែលខ្ញុំមិនបានចាំអស់។ ប៉ុន្តែ ខ្ញុំរៀនសូត្រ តាមអក្សរកាត់មួយ ដែលបានដាក់ជាប់នៅក្នុងខួរក្បាលខ្ញុំ។
អក្សរកាត់នោះ គឺចេញមកពីពាក្យ ពិនិត្យមើល សម្គាល់ ព្យាករណ៍ សម្រេចចិត្ត និងអនុវត្ត។ ពាក្យនីមួយៗគឺជាដំណាក់កាលនៃការបើកបរ ដែលគេបានបង្រៀនយើង ឲ្យអនុវត្តជាប្រចំា ពេលយើងបើកបររថយន្ត។ បានសេចក្តីថា យើងត្រូវតែពិនិត្យមើល ផ្លូវថ្នល់ឲ្យបានច្បាស់។ យើងត្រូវសម្គាល់ ឧបស័គ្គ។ យើងត្រូវ ព្យាករណ៍ អំពីរឿងដែលអាចបណ្តាលមកពីឧបស័គ្គនោះ។ យើងត្រូវ សម្រេចចិត្ត ថា យើងនឹងឆ្លើយតបដូចម្តេច ចំពោះឧបស័គ្គនោះ ហើយបន្ទាប់មក បើសិនជាចាំបាច់ យើង ត្រូវអនុវត្ត តាមការសម្រេចចិត្តនោះ។ នេះជាយុទ្ធសាស្រ្ត ដែលជួយឲ្យយើងតាំងចិត្ត ដើម្បីជៀសវាងគ្រោះថ្នាក់។
ការធ្វើដំណើរខាងវិញ្ញាណ ក៏មានលក្ខណៈស្រដៀងនឹងការរៀនបើកបរផងដែរ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៥ សាវ័កប៉ុលបានប្រាប់ពួកជំនុំនៅក្រុងអេភេសូរថា “ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ”(ខ.១៥)។ ត្រង់ចំណុចនេះ សាវ័កប៉ុលដឹងថា មានឧបស័គ្គមួយចំនួន ដែលអាចធ្វើឲ្យពួកជំនុំនៅក្រុងអេភេសូរ ដើរខុសផ្លូវ ទៅតាមផ្លូវជីវិតចាស់ ក្នុងជីវិតថ្មីក្នុងព្រះយេស៊ូវ(ខ.៨,១០-១១)។ ដូចនេះ គាត់ក៏បានណែនាំពួកជំនុំដែលកំពុងលូតលាស់នេះ ឲ្យមានការប្រុងប្រយ័ត្ន។
នៅក្នុងការដើរនោះ យើងត្រូវមានការពិនិត្យមើល ដោយកត់សម្គាល់ឧបស័គ្គនៅខាងមុខ ហើយជៀសវាងការជំពប់ដួល ដែលមានដូចជាការស្រវឹងស្រា និងរស់នៅតាមចិត្តឯង(ខ.១៨)។ ផ្ទុយទៅវិញ សាវ័កប៉ុលបានមានប្រសាសន៍ថា យើងអាចព្យាយាមរៀនឲ្យស្គាល់បំណងព្រះទ័យ ដែលព្រះទ្រង់មានសម្រាប់ជីវិតយើង(ខ.១៧) ហើយទន្ទឹមនឹងនោះ យើងអាចច្រៀង និងអរព្រះគុណព្រះអង្គ ជាមួយបងប្អូនរួមជំនឿរបស់យើង(ខ.១៩-២០)។
ទោះយើងជួបឧបស័គ្គអ្វីក៏ដោយ ហើយសូម្បីតែនៅពេលដែលយើងជំពប់ដួល យើងអាចពិសោធនឹងជីវិតថ្មី ក្នុងព្រះគ្រីស្ទ ខណៈពេលដែលយើងលូតលាស់ ដោយការពឹងផ្អែកទៅលើអំណាច និងព្រះគុណដែលគ្មានព្រំដែនរបស់ទ្រង់។ —Adam Holz