តើអ្នកនឹងជ្រើសរើសយកមួយណា? តើអ្នកនឹងជ្រើសរើសយកការជិះស្គីកម្សាន្តនៅប្រទេសស្វីស ឬទៅជួយសង្រ្គោះក្មេងៗ ឲ្យរួចពីគ្រោះថ្នាក់ នៅទីក្រុងប្រាក? លោកនីកូឡាស វីនតុន(Nichola Winton) គឺជាជនសាមញ្ញម្នាក់ ដែលបានជ្រើសរើសយក ជម្រើសទី២។ កាលពីឆ្នាំ១៩៣៨ សង្រ្គាមរវាងប្រទេសឆេកូស្លូវ៉ាគា និងប្រទេសអាឡឺម៉ង់ ហាក់ដូចជាមិនអាចជៀសរួចឡើយ។ បន្ទាប់ពីលោកនីកូឡាសបានទៅមើលជំរុំជនភាសខ្លួន នៅទីក្រុងប្រាក ដែលមានជនជាតិយូដាជាច្រើនកំពុងតែរស់នៅ ក្នុងស្ថានភាពដ៏អាក្រក់ គាត់ក៏បានទទួលការបណ្តាលចិត្ត ឲ្យរៀបផែនការជួយពួកគេ។ គាត់ក៏បានរៃអង្គាសប្រាក់ ដើម្បីដឹកជញ្ជូនក្មេងៗរាប់រយនាក់ ដោយសុវត្ថិភាព ចេញពីទីក្រុងប្រាក ទៅកាន់ប្រទេសអង់គ្លេស ដើម្បីឲ្យគ្រួសារជនជាតិអង់គ្លេសចិញ្ចឹមពួកគេ ក្នុងដើមដំបូងនៃសម័យសង្រ្គាម លោកលើកទី២។
សកម្មភាពរបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៨២ ឲ្យយើង “ការពារដល់មនុស្សក្រីក្រ និងមនុស្សកំព្រា”(ខ.៣)។ ទំនុកដំកើងនេះក៏បានជំរុញយើងឲ្យ “ចូរជួយសង្គ្រោះមនុស្សក្រីក្រ និងមនុស្សកំសត់ទុគ៌តដែរ ត្រូវជួយគេឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់”(ខ.៤)។ តាមបទគម្ពីរទំនុកដំកើងនេះ យើងត្រូវការពារអ្នកដែលមិនអាចការពារខ្លួនឯងបាន គឺអ្នកទាល់ក្រ និងស្រ្តីមេម៉ាយ ដែលត្រូវការយុត្តិធម៌ និងការការពារ ដូចក្មេងៗដែលលោកនីកូឡាស់បានខិតខំជួយសង្រ្គោះយើង ដោយមិនគិតការនឿយហត់។
សព្វថ្ងៃនេះ នៅកន្លែងណាក៏មានមនុស្សត្រូវការជំនួយ ដោយសារសង្រ្គាម ខ្យល់ព្យុះ ឬទុក្ខលំបាកផ្សេងទៀត។ យើងមិនអាចដោះស្រាយបញ្ហាទាំងអស់បានឡើយ តែយើងអាចអធិស្ឋាន និងគិតអំពីការអ្វីដែលយើងអាចធ្វើ ដើម្បីជួយអ្នកដទៃ តាមដែលព្រះទ្រង់បណ្តាលចិត្ត។—Linda Washington