កាលពីឆ្នាំ ២០១៣ លោកចេម មែកខុននែល(James McConnell) ដែលជាអតីតយុទ្ធជនកងទ័ពជើងទឹកនៃចក្រភពអង់គ្លេស បានទទួលមរណៈភាព ក្នុងអាយុ៧០ឆ្នាំ។ លោកមែនខុននែលមិនមានគ្រួសារទេ ហើយបុគ្គលិកពេទ្យដែលធ្វើការថែទាំជម្ងឺគាត់នៅផ្ទះ មានការព្រួយបារម្ភខ្លាចគ្មានមនុស្សមកចូលរួមពិធីបុណ្យសពរបស់គាត់។ បុរសម្នាក់ដែលទទួលខុសត្រូវ នៅក្នុងការរៀបចំពិធីបុណ្យសពគាត់ បានបង្ហោះសារនៅលើហ្វេសប៊ុកថា “នៅថ្ងៃនេះ និងនៅសម័យនេះ ការស្លាប់ដោយគ្មាននរណាម្នាក់មកចូលរួមពីធីបុណ្យសព គឺជារឿងដែលសោកសៅណាស់ ប៉ុន្តែ បុរសម្នាក់នេះ គឺជាគ្រួសាររបស់អ្នក… បើសិនជាអ្នកអាចធ្វើដំណើរទៅដល់ទីបញ្ចុះសពរបស់គាត់ … ដើម្បីបង្ហាញនូវការគោរពចំពោះអតីតបងប្អូនរួមអាវុធរបស់អ្នក នោះសូមព្យាយាមទៅទីនោះកុំបីខានឡើយ”។ បន្ទាប់ពីគាត់បានបង្ហោះសារនេះហើយ មានទាហានជើងទឹក២រយនាក់ បានមកចូលរួមពិធីបុណ្យសពគាត់ ពេញព្រះវិហារ។
ជនរួមជាតិអង់គ្លេសទាំងនេះ បានបង្ហាញចេញនូវសេចក្តីពិតក្នុងព្រះគម្ពីរ ដែលចែងថា គ្រីស្ទបរិស័ទម្នាក់ៗមានចំណងចងភ្ជាប់គ្នា។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ”(១កូរិនថូស ១២:១៤)។ យើងមិនឯកោឡើយ។ ផ្ទុយទៅវិញ យើងមានចំណងចងភ្ជាប់គ្នាតែមួយ ក្នុងព្រះយេស៊ូវ។ ព្រះគម្ពីរបានចែងថា “បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា”(ខ.២៦)។ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ដែលជាសមាជិកនៃមហាគ្រួសាររបស់ព្រះ យើងរួមសុខរួមទុក្ខជាមួយគ្នា នៅក្នុងការឈឺចាប់ ក្នុងការសោកសង្រេង និងក្នុងកន្លែងងងឹត ដែលធ្វើឲ្យយើងខ្លាចភាពឯកោ។ ប៉ុន្តែ សូមអរព្រះគុណព្រះអង្គ ព្រោះយើងមិនធ្វើដំណើរតែម្នាក់ឯងឡើយ។
យើងប្រហែលជាមានការឈឺចាប់បំផុត ពេលណាយើងមានអារម្មណ៍ថា យើងកំពុងតែលិចលង់ នៅក្នុងភាពងងឹត តែម្នាក់ឯង។ ទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់បានបង្កើតសហគមន៍ថ្មីមួយ ដែលរួមសុខរួមទុក្ខជាមួយគ្នា។ គឺសហគមន៍ថ្មីមួយ ដែលគ្មាននរណាម្នាក់គួរតែនៅឯកោ ក្នុងភាពងងឹតនោះឡើយ។—Winn Collier