នៅពេលដែលឪពុកម្តាយខ្ញុំលាចាកលោក បានបីខែ ខ្ញុំមានអារម្មណ៍ខ្លាចពួកគាត់ភ្លេចខ្ញុំ។ នេះជាអារម្មណ៍ភ័យខ្លាច ដែលមិនសមហេតុផលសោះ។ ជាការពិតណាស់ ពួកគេមិនរស់នៅលើផែនដីទៀតទេ ប៉ុន្តែ ពួកគេបានបន្សល់ទុកភាពមិនច្បាស់លាស់ដ៏ធំមួយ សម្រាប់ខ្ញុំ។ កាលនោះ ខ្ញុំនៅក្មេង មិនទាន់រៀបការ ហើយឆ្ងល់ថា តើខ្ញុំនឹងរស់នៅ ដោយគ្មានពួកគាត់ ដោយរបៀបណា?
ខ្ញុំមានអារម្មណ៍ឯកោណាស់ ដូចនេះ ខ្ញុំក៏បានស្វែងរកព្រះជាម្ចាស់។
នៅពេលព្រឹកមួយនោះ ខ្ញុំក៏បានទូលថ្វាយព្រះអង្គ អំពីការភ័យខ្លាចដែលមិនសមហេតុផលរបស់ខ្ញុំ និងទុក្ខព្រួយដែលបណ្តាលមកពីការភ័យខ្លាចនេះ(ទោះព្រះអង្គបានជ្រាបហើយក៏ដោយ)។ ខគម្ពីរដែលខ្ញុំបានអានចំ នៅក្នុងការចំណាយពេលស្ងៀមស្ងាត់ជាមួយព្រះអង្គ នៅថ្ងៃនោះ គឺបទគម្ពីរ អេសាយ ជំពូក ៤៩ ដែលបានចែងថា “ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ”(ខ.១៥)។ ព្រះជាម្ចាស់បានធានា ចំពោះរាស្រ្តព្រះអង្គជាថ្មីម្តងទៀត តាមរយៈហោរាអេសាយថា ព្រះអង្គមិនបានភ្លេចពួកគេឡើយ ហើយក្រោយមក ព្រះអង្គក៏បានសន្យាថា នឹងផ្សៈផ្សាឲ្យពួកគេជានឹងព្រះអង្គវិញ តាមរយៈព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាព្រះអង្គ។ ប៉ុន្តែ ព្រះបន្ទូលនេះក៏បានប៉ះពាល់ចិត្តខ្ញុំផងដែរ។ ឪពុកម្តាយកម្រនឹងភ្លេចកូនរបស់ខ្លួន តែពួកគេនៅតែអាចភ្លេច។ ប៉ុន្តែ ចុះចំណែកព្រះអម្ចាស់វិញ? ព្រះអង្គមិនដែលភ្លេចយើងឡើយ។ ព្រះអង្គមានបន្ទូលថា ព្រះអង្គបានឆ្លាក់ឈ្មោះយើងម្នាក់ៗ ជាប់នៅលើព្រះហស្តព្រះអង្គ។
ខ្ញុំអាចមានការភ័យខ្លាច ពេលដែលខ្ញុំដឹងថា ឪពុកម្តាយអាចភ្លេចកូន។ តែសន្តិភាព ដែលព្រះអង្គបានប្រទានមក ដោយសារព្រះអង្គនឹកចំាពីខ្ញុំ គឺជាអ្វីដែលខ្ញុំត្រូវការ។ ខ្ញុំក៏បានដឹងថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងប្រកបស្និទ្ធស្នាលជាមួយខ្ញុំ ខណៈពេលដែលឪពុកម្តាយរបស់ខ្ញុំ ឬអ្នកដទៃទៀត មិនអាចនៅក្បែរខ្ញុំគ្រប់ពេលឡើយ ហើយទ្រង់ថែមទំាងអាចជួយយើង នៅក្នុងគ្រប់បញ្ហាទំាងអស់ គឺបូករួមទាំងការភ័យខ្លាចដោយគ្មានហេតុផលផងដែរ។—Anne Cetas