នៅ​ពេល​ដែល​ឪពុក​ម្តាយ​ខ្ញុំ​លា​ចាក​លោក បាន​បី​ខែ ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​ពួក​គាត់​ភ្លេច​ខ្ញុំ។ នេះ​ជា​អារម្មណ៍​ភ័យខ្លាច ដែល​មិន​សម​ហេតុ​ផល​សោះ។ ជា​ការ​ពិត​ណាស់ ពួក​គេ​មិន​រស់​នៅ​លើ​ផែន​ដី​ទៀត​ទេ ប៉ុន្តែ ពួក​គេ​បានបន្សល់​ទុក​ភាព​មិន​ច្បាស់​លាស់​ដ៏​ធំ​មួយ សម្រាប់​ខ្ញុំ។ កាល​នោះ ខ្ញុំ​នៅ​ក្មេង មិន​ទាន់​រៀប​ការ ហើយ​ឆ្ងល់​ថា តើ​ខ្ញុំ​នឹង​រស់​នៅ ដោយ​គ្មាន​ពួក​គាត់ ដោយ​របៀប​ណា?

ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ណាស់ ដូច​នេះ ខ្ញុំ​ក៏​បាន​ស្វែង​រក​ព្រះ​ជាម្ចាស់។​

នៅ​ពេល​ព្រឹក​មួយ​នោះ ខ្ញុំ​ក៏​បាន​ទូល​ថ្វាយ​ព្រះ​អង្គ អំពី​ការ​ភ័យ​ខ្លាច​ដែល​មិន​សម​ហេតុ​ផល​របស់​ខ្ញុំ និង​ទុក្ខ​ព្រួយដែល​បណ្តាល​មក​ពី​ការ​ភ័យ​ខ្លាច​នេះ​(ទោះ​ព្រះ​អង្គ​បាន​ជ្រាប​ហើយ​ក៏​ដោយ)។ ខគម្ពីរ​ដែល​ខ្ញុំ​បាន​អាន​ចំ នៅ​ក្នុងការ​ចំណាយ​ពេល​ស្ងៀម​ស្ងាត់​ជា​មួយ​ព្រះ​អង្គ នៅ​ថ្ងៃ​នោះ គឺ​បទ​គម្ពីរ អេសាយ ជំពូក ៤៩ ដែល​បាន​ចែង​ថា “ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​អញ​មិន​ដែល​ភ្លេច​ឯង​ឡើយ”(ខ.១៥)។ ព្រះ​ជា​ម្ចាស់​បាន​ធានា ចំពោះ​រាស្រ្ត​ព្រះ​អង្គ​ជា​ថ្មី​ម្តង​ទៀត តាម​រយៈ​ហោរា​អេសាយ​ថា ព្រះ​អង្គ​មិន​បាន​ភ្លេច​ពួក​គេ​ឡើយ ហើយ​ក្រោយ​មក ព្រះ​អង្គ​ក៏​បាន​សន្យា​ថា នឹង​ផ្សៈ​ផ្សា​ឲ្យ​ពួក​គេ​ជា​នឹង​ព្រះ​អង្គ​វិញ តាម​រយៈ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ។ ប៉ុន្តែ ព្រះ​បន្ទូល​នេះ​ក៏​បាន​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ​ផង​ដែរ។ ឪពុក​ម្តាយ​កម្រ​នឹង​ភ្លេច​កូន​របស់​ខ្លួន តែ​ពួក​គេ​នៅ​តែ​អាច​ភ្លេច។ ប៉ុន្តែ ចុះ​ចំណែក​ព្រះ​អម្ចាស់​វិញ? ព្រះអង្គ​មិន​ដែល​ភ្លេច​យើង​ឡើយ។ ព្រះ​អង្គ​មាន​បន្ទូល​ថា ព្រះ​អង្គ​បាន​ឆ្លាក់​ឈ្មោះ​យើង​ម្នាក់​ៗ​ ជាប់​នៅ​លើ​ព្រះ​ហស្ត​ព្រះ​អង្គ។​

ខ្ញុំ​អាច​មាន​ការ​ភ័យ​ខ្លាច ពេល​ដែល​ខ្ញុំ​ដឹង​ថា ឪពុក​ម្តាយ​អាច​ភ្លេច​កូន។ តែ​សន្តិ​ភាព ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក ដោយ​សារ​ព្រះ​អង្គ​នឹក​ចំា​ពី​ខ្ញុំ គឺ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ។ ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ខ្ញុំ ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​របស់​ខ្ញុំ ឬ​អ្នក​ដទៃ​ទៀត មិន​អាច​នៅ​ក្បែរ​ខ្ញុំ​គ្រប់​ពេល​ឡើយ ហើយទ្រង់​ថែម​ទំាង​អាច​ជួយ​យើង នៅ​ក្នុង​គ្រប់​បញ្ហា​ទំាង​អស់ គឺ​បូក​រួម​ទាំង​ការ​ភ័យ​ខ្លាច​ដោយ​គ្មាន​ហេតុ​ផល​ផង​ដែរ​។—Anne Cetas