មាន​ពេល​មួយ អ្នក​ស្រី​ប្រ៊ីតានី(Brittany) បាន​ស្រែក​ប្រាប់​មិត្ត​រួម​ការងារ​របស់​គាត់ នៅ​ភោជនី​ដ្ឋាន​មួយ​ថា “គាត់ហ្នឹង​ហើយ! គាត់​ហ្នឹង​ហើយ!” ពេល​នោះ នាង​កំពុង​តែ​និយាយ​សំដៅ​ទៅ​លើ​លោក​មែលវីន(Melvin) ដែល​គាត់ធ្លាប់​បាន​ជួប កាល​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក។ កាល​នោះ លោក​មែល​វីន​កំពុង​តែ​កាត់​ស្មៅ នៅ​ក្នុង​ទី​ធ្លាព្រះ​វិហារ​គាត់ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្តាល​ចិត្ត​គាត់ ឲ្យ​ចាប់​ផ្តើម​ការ​សន្ទនា​ជា​មួយ​ស្រ្តី​ម្នាក់ ដែល​ជា​ស្រ្តីរក​ស៊ី​ផ្លូវ​ភេទ។ ពេល​គាត់​អញ្ជើញ​នាង ​ឲ្យ​ទៅ​ចូល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ព្រះវិហារ​របស់​គាត់ នាង​ក៏​បាន​ឆ្លើយ​តប​ថា “តើ​អ្នក​ដឹង​ថា ខ្ញុំ​មាន​មុខ​របរ​អី្វ​ទេ? ពួក​គេ​មិន​ចង់​ឲ្យ​ខ្ញុំ​ចូល​រួម​ជា​មួយ​ពួក​គេ​ទេ”។ ខណៈ​ពេល​ដែល​លោក​មែល​វីន​និយាយ​ប្រាប់​នាង អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ហើយ​បាន​ធានា​ដល់​នាង​ថា​ ព្រះ​អង្គ​មាន​អំណាចកែ​ប្រែ​ជីវិត​នាង ទឹក​ភ្នែក​របស់​នាង​ក៏​បាន​ស្រក់​ចុះ​មក។ សព្វ​ថ្ងៃ​នេះ គឺ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក ព្រីតានី​កំពុង​តែ​ធ្វើ​ការ​នៅ​កន្លែង​ល្អ​ជាង​មុន ជា​ភស្តុតាង​បញ្ជាក់​ថា ព្រះយេស៊ូវ​ពិត​ជា​មាន​អំណាច​កែ​ប្រែ​ជីវិត​មនុស្ស​គ្រប់​គ្នា។​

កាល​សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ទាំង​ឡាយ ឲ្យ​មាន​ចិត្ត​ប្តូរ​ផ្តាច់​នៅ​ក្នុង​ការ​អធិស្ឋាន គាត់​ក៏​បាន​ធ្វើ​ការ​ស្នើរ​សុំ ដែល​មាន​ពីរ​ផ្នែក​ថា “​(សូម)អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផ្សាយ​ព្រះបន្ទូល ជា​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះគ្រីស្ទ ដែល​ខ្ញុំ​ជាប់​ចំណង ដោយ​ព្រោះ​ព្រះបន្ទូល​នោះ​ឯង។ ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​សំដែង​ព្រះបន្ទូល​តាម​ដែល​គួរ​គប្បី”(កូល៉ុស ៤:៣-៤)។

តើ​អ្នក​ធ្លាប់​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ប្រទាន​ឱកាស ឲ្យ​អ្នក​និយាយ​ប្រាប់​គេ ពី​ព្រះយេស៊ូវ  ដោយ​ចិត្ត​ក្លា​ហាន និង​ភាពច្បាស់​លាស់​ឬ​ទេ? នេះ​ជា​សេចក្តី​អធិស្ឋាន​ដ៏​ល្អ។ ការ​អធិស្ឋាន​ដូច​នេះ បាន​នាំ​ឲ្យ​អ្នក​ដើរ​តាម​ព្រះ​អង្គ និង​លោក​មែល​វិន មាន​ឱកាស​និយាយ​អំពី​ព្រះ​អង្គ ទៅ​កាន់​មនុស្ស នៅ​កន្លែង​ដែល​ពួក​គេ​មិន​បាន​នឹក​ស្មាន​ដល់។ ការ​និយាយ​ប្រាប់​គេ អំពី​ព្រះ​យេស៊ូវ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ពិបាក តែ​អាច​នាំ​ឲ្យគេ​មាន​ជីវិត​ផ្លាស់​ប្រែ ដែល​នេះ​ជា​រង្វាន់ដ៏​ប្រសើរ។​—Arthur Jackson