មានពេលមួយ អ្នកស្រីប្រ៊ីតានី(Brittany) បានស្រែកប្រាប់មិត្តរួមការងាររបស់គាត់ នៅភោជនីដ្ឋានមួយថា “គាត់ហ្នឹងហើយ! គាត់ហ្នឹងហើយ!” ពេលនោះ នាងកំពុងតែនិយាយសំដៅទៅលើលោកមែលវីន(Melvin) ដែលគាត់ធ្លាប់បានជួប កាលគាត់កំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាក។ កាលនោះ លោកមែលវីនកំពុងតែកាត់ស្មៅ នៅក្នុងទីធ្លាព្រះវិហារគាត់ ហើយព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តគាត់ ឲ្យចាប់ផ្តើមការសន្ទនាជាមួយស្រ្តីម្នាក់ ដែលជាស្រ្តីរកស៊ីផ្លូវភេទ។ ពេលគាត់អញ្ជើញនាង ឲ្យទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហាររបស់គាត់ នាងក៏បានឆ្លើយតបថា “តើអ្នកដឹងថា ខ្ញុំមានមុខរបរអី្វទេ? ពួកគេមិនចង់ឲ្យខ្ញុំចូលរួមជាមួយពួកគេទេ”។ ខណៈពេលដែលលោកមែលវីននិយាយប្រាប់នាង អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ហើយបានធានាដល់នាងថា ព្រះអង្គមានអំណាចកែប្រែជីវិតនាង ទឹកភ្នែករបស់នាងក៏បានស្រក់ចុះមក។ សព្វថ្ងៃនេះ គឺប៉ុន្មានសប្តាហ៍ក្រោយមក ព្រីតានីកំពុងតែធ្វើការនៅកន្លែងល្អជាងមុន ជាភស្តុតាងបញ្ជាក់ថា ព្រះយេស៊ូវពិតជាមានអំណាចកែប្រែជីវិតមនុស្សគ្រប់គ្នា។
កាលសាវ័កប៉ុលលើកទឹកចិត្តអ្នកជឿទាំងឡាយ ឲ្យមានចិត្តប្តូរផ្តាច់នៅក្នុងការអធិស្ឋាន គាត់ក៏បានធ្វើការស្នើរសុំ ដែលមានពីរផ្នែកថា “(សូម)អធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្តីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង។ ប្រយោជន៍ឲ្យខ្ញុំបានសំដែងព្រះបន្ទូលតាមដែលគួរគប្បី”(កូល៉ុស ៤:៣-៤)។
តើអ្នកធ្លាប់អធិស្ឋានសូមព្រះទ្រង់ប្រទានឱកាស ឲ្យអ្នកនិយាយប្រាប់គេ ពីព្រះយេស៊ូវ ដោយចិត្តក្លាហាន និងភាពច្បាស់លាស់ឬទេ? នេះជាសេចក្តីអធិស្ឋានដ៏ល្អ។ ការអធិស្ឋានដូចនេះ បាននាំឲ្យអ្នកដើរតាមព្រះអង្គ និងលោកមែលវិន មានឱកាសនិយាយអំពីព្រះអង្គ ទៅកាន់មនុស្ស នៅកន្លែងដែលពួកគេមិនបាននឹកស្មានដល់។ ការនិយាយប្រាប់គេ អំពីព្រះយេស៊ូវអាចធ្វើឲ្យយើងមានអារម្មណ៍ថា ពិបាក តែអាចនាំឲ្យគេមានជីវិតផ្លាស់ប្រែ ដែលនេះជារង្វាន់ដ៏ប្រសើរ។—Arthur Jackson